ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន នឹងរួមគ្នាបន្តប្រកាន់ខ្ជាប់ នូវគោលនយោបាយ លើកកម្ពស់សន្តិភាព

ភ្នំពេញ ៖ ក្នុងបរិការណ៍បច្ចុប្បន្នពិភពលោក កំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សមិនអាចប៉ាន់ប្រមាណបាន, រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន នឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវ គោលនយោបាយលើកកម្ពស់សន្តិភាព និងលើកកម្ពស់ពហុភាគីនិយម ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិផងដែរ។

នៅថ្ងៃទី៤ កុម្ភៈ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ជួបពិភាក្សាការងារជាមួយ លោក Hayashi Yoshimasa រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន នៅទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន។

នាឱកាសនោះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បាននិងកំពុងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងភាពជាដៃគូល្អជាមួយគ្រប់បណ្ដាប្រទេស ជាពិសេស ការបន្តជំរុញកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យអោយកាន់តែស្អិតរមួត រវាងបណ្ដាប្រទេសជាមិត្ត។

លោក វង្សី វិស្សុត បានមានប្រសាសន៍ថា ជប៉ុនជាមិត្តដ៏ល្អរបស់កម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការរឹងមាំ ហើយព្រមទាំងរំលឹកឡើងថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាង និងស្ដារនីតិសម្បទាកម្ពុជា តាំងពីដំណាក់កាលដំបូងនៃការកសាងសន្តិភាព រហូតមកដល់ដំណាក់កាលបច្ចុប្បន្ននៃការអភិវឌ្ឍកម្ពុជា។

ជាទិសដៅទៅមុខ ក្នុងការបន្តគាំទ្រការអភិវឌ្ឍកម្ពុជាប្រកបដោយផ្លែផ្កា លោក Hayashi Yoshimasa បានបញ្ជាក់អំពីជំហរបស់រដ្ឋាភិបាលជប៉ុន និងលើកឡើងពីការប្ដេជ្ញាចិត្តរបស់ រដ្ឋាភិបាលជប៉ុនក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលកម្ពុជា តាមរយៈការត្រៀមខ្លួនជាស្រេចក្នុងការលើកស្ទួយ កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព ជាពិសេស ការអនុវត្តការដ្ឋានការងារក្នុងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អភិបាលកិច្ច ច្បាប់ ទូរគមនាគមន៍និងឌីជីថល និងការអភិវឌ្ឍប្រព័ន្ធសេវា ៥G នៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យមានការ បន្តពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) និងលើកទឹកចិត្តវិនិយោគិនជប៉ុនឱ្យ មកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីពង្រឹងមូលដ្ឋាននៃការកសាងសង្គម សេដ្ឋកិច្ចកម្ពុជា។

ក្នុងជំនួបនេះផងដែរ លោក វង្សី វិស្សុត និងលោក Hayashi Yoshimasa បានបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ និងផ្លាស់ប្ដូរយ៉ាងរហ័សដែលមិនអាចប៉ាន់ប្រមាណបាន រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុននឹងរួមគ្នាបន្តប្រកាន់ខ្ជាប់នូវគោលនយោបាយ លើកកម្ពស់សន្តិភាពលើកកម្ពស់ពហុភាគីនិយម ការពង្រឹងកិច្ចសហប្រតិបត្តការអន្តរជាតិ និងជាពិសេសការលើកកម្ពស់សណ្ដាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ ជាមួយបណ្ដាប្រទេសក្នុងតំបន់និងសកល ទាំងក្នុងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច ហិរញវត្ថុ និងសង្គម។ ជារួម កម្ពុជា និងជប៉ុនមានគុណតម្លៃនិងទស្សនវិស័យរួម ក្នុងការរួមចំណែកលើកកម្ពស់ស្ថិរភាព និងសន្តិភាពតំបន់សកលសម្រាប់ការ បន្តជំរុញកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព៕

To Top