ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវនិងស្ពាន ៦ទីតាំងក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំក្រសួង, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អភិបាលខេត្តកំពង់ធំ, អាជ្ញាធរមូលដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានដឹកនាំមន្ដ្រីបច្ចេកទេស នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារសាងសង់ផ្លូវ ចំនួន ៣ខ្សែ និងពិនិត្យស្ថានភាពនិងវឌ្ឍនភាពការងារសាងសង់ស្ពានចំនួន ៣ទីតាំង នៅក្នុងខេត្តកំពង់ធំ។

ទីតាំងផ្លូវនិងស្ពានទាំងនោះរួមមាន៖

ទីតាំងទី១៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់លើកកម្រិតផ្លូវជនបទពីផ្លូវល្បាយដីស ទៅជាផ្លូវក្រាលល្បាយក្រួសក្រហម ១ខ្សែ ប្រវែង ៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តបតាមការស្នើសុំរបស់សហគមន៍ស្វាយចន្ទីសំបូររុងរឿង នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ។

ទីតាំងទី២៖ អញ្ជើញពិនិត្យស្ថានភាពស្ពានបេឡេត៍ ១កន្លែង ហៅស្ពានអូរមៀន មានបណ្ដោយប្រវែង ៥១ម៉ែត្រ ទទឹងប្រវែង ៥,៣ម៉ែត្រ កសាងក្នុងឆ្នាំ២០០៥ ដែលទទួលរងការខូចខាត និងបានបិទការធ្វើចរាចរណ៍យានយន្ដដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ជាបណ្តោះអាសន្នដើម្បីធ្វើការជួសជុល ស្ថិតនៅភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្ដាន់ ។

បន្ទាប់ពីបានពិនិត្យស្ថានភាពស្ពាន និងទំហំនៃការខូចខាតរួចមក លោករដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ធ្វើការជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរឡើងវិញ ព្រមទាំងណែនាំមន្ត្រីឱ្យសិក្សារៀបចំផែនការឆ្នាំ២០២៦ ដើម្បីស្ថាបនាជាស្ពានបេតុង។

ក្នុងឱកាសនោះផងដែរ លោករដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវវាង ប្រវែង ៤គីឡូម៉ែត្រ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងអំឡុងពេលនៃការជួសជុលស្ពាន។

ទីតាំងទី៣៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ៣១គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិជាំផ្កា ឃុំឈើទាល ទៅដល់ភូមិរន្ទះ ឃុំទំរីង ស្រុកសណ្ដាន់ ដែលផ្លូវនេះរងគ្រោះដោយទឹកភ្លៀងលិចរៀងរាល់ឆ្នាំ តបតាមសំណើរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំដើម្បីលើកកម្រិតផ្លូវអាចប្រើប្រាស់បាននារដូវវស្សា។

ទីតាំងទី៤៖ អញ្ជើញពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ប្រវែង ២ គីឡូម៉ែត្រ ចាប់ផ្តើមពីភូមិបាក់ស្រី ទៅភូមិបារៀង ឃុំគោល ស្រុកប្រាសាទសំបូរ ផ្លូវនេះ រងគ្រោះដោយទឹកលិចរៀងរាល់ឆ្នាំ។ ខ្សែផ្លូវនេះនឹងត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទដាក់ក្នុងផែនការស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ក្នុងគម្រោងសាងសង់ឡើងវិញបន្ទាន់ផ្លូវជនបទ ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

ទីតាំងទី៥៖ អញ្ជើញពិនិត្យស្ថានភាពស្ពានឈើចាស់ខូចទ្រុឌទ្រោមខ្លាំង ១កន្លែង ហៅស្ពានអូរតាឆុង មានបណ្ដោយប្រវែង ៤០ ម៉ែត្រ ទទឹងប្រហែល ២ម៉ែត្រ តភ្ជាប់ពីភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ទៅភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ជាប្រភេទស្ពានឈើ ដែលស្ពាននេះមានសភាពចាស់ទ្រុទទ្រោមខ្លាំង ។

ឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំដល់មន្ដ្រីបច្ចេកទេសក្រសួងសាងសង់ជាស្ពានបេឡេត៍ ដែលមានទទឹងប្រវែង ៤,២ម៉ែត្រ ឱ្យបានជាស្ថាពរមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីជាកាដូរជូនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

ទីតាំងទី៦៖ អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់ស្ពានបេតុង ១កន្លែង មានបណ្ដោយប្រវែង ១៤៤ម៉ែត្រ ទទឹងប្រវែង ៨ម៉ែត្រ ឆ្លងកាត់ស្ទឹងសែន តភ្ជាប់ពីភូមិបឹងខ្វែក ឃុំស្រើង ទៅភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ។ ស្ពាននេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤ គិតត្រឹមដើមខែកុម្ភៈនេះ សម្រេចលទ្ធផលបាន ២០,៧១% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៥ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនៃការពិនិត្យស្ថានភាពផ្លូវ និងស្ពាន នៅតាមទីតាំងនីមួយៗ លោករដ្ឋមន្ដ្រី និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមគ្គុទេសក៍ឯកនយោបាយឈ្នះឈ្នះ បិតាសន្តិភាព និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចធិបតី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋាននោះផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានបង្ហាញនូវសេចក្ដីសាទរចំពោះសមិទ្ធផលថ្មីៗ ដែលកើតមានជាបន្ដបន្ទាប់នៅក្នុងមូលដ្ឋានរបស់គាត់ ព្រមទាំងបានសម្ដែងនូវការដឹងគុណ និងការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី និងបន្ដវេនដឹកនាំប្រកបដោយភាពស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន៕

To Top