ភ្នំពេញ៖ លោកស្រី Marta Martrai អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានគូសបញ្ជាក់ថា ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ រដ្ឋាភិបាលហុងគ្រីទទួលស្គាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ ។
ការបញ្ជាក់របស់អនុប្រធានទី១ រដ្ឋសភាហុងគ្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
លោកស្រី Marta Martrai បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងហុងគ្រី គឺជាទំនាក់ទំនងដែលមានការគោរពគ្នាទៅវិញទៅមក ហើយកម្ពុជា គឺជាដៃគូលេចធ្លោរបស់ហុងគ្រីនៅក្នុងតំបន់។ រដ្ឋសភានៃប្រទេសទាំងពីរក៏បានបង្កើតក្រុមមិត្តភាពជាមួយគ្នា ហើយគណៈប្រតិភូរដ្ឋសភាហុងគ្រី ក៏បានមកចូលរួមសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ កាលពីខែវិច្ឆិកា កន្លងទៅនេះ។ នៅក្នុងបរិបទនេះ លោកស្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យការទូតសភា ដែលនឹងរួមចំណែកនៅក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រីជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការក្រោមក្របខណ្ឌពហុភាគីនានាផ្សេងទៀត ដូចជា រវាងអាស៊ាន និងសហភាពអឺរ៉ុប និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) ទំនាក់ទំនងកម្ពុជា និងហុងគ្រី កាន់តែមានភាពល្អប្រសើរឡើង។ លោកស្រីគូសបញ្ជាក់ថា ភាគីហុងគ្រីបានត្រៀមលក្ខណៈសហការជួយភាគីកម្ពុជា នៅក្នុងដំណើរការបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងប៊ុយដាប៉េស។ លោកជំទាវ ក៏បានសម្តែងនូវក្តីសង្ឃឹមថា ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់នឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសហុងគ្រី នាឱកាសនោះ។
នៅក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម អនុប្រធានទី១ រដ្ឋសភាហុងគ្រី បានសម្តែងនូវក្តីសង្ឃឹមថា ភាគីនៃប្រទេសទាំងពីរនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងគ្នា ជាពិសេសការជំរុញទំហំពាណិជ្ជកម្ម ឱ្យសមទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាន។ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិវិញ លោកស្រីបានគូសបញ្ជាក់ថា «រដ្ឋាភិបាលហុងគ្រីទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់សិទ្ធិមនុស្ស និងបានចាត់ទុកកម្ពុជាជាប្រទេសគំរូមួយ។ ម្យ៉ាងទៀត ការអនុម័តធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី នៅក្នុងកិច្ចប្រជុំ IPTP នៅកម្ពុជា ក៏បានបង្ហាញអំពីគោលគំនិតដូចគ្នារវាងកម្ពុជា និងហុងគ្រីផងដែរ» ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមិនដែលបំភ្លេចនូវការគាំទ្រនិងជំនួយឧបត្ថម្ភនានា ដែលហុងគ្រី បានផ្តល់ដល់កម្ពុជា នៅក្នុងដំណើរស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិនៅក្នុងដំណាក់កាលទាំងនោះឡើយ។ សម្តេចបានចង្អុលបង្ហាញថា ទោះបីស្ថានភាពកម្ពុជាមានការផ្លាស់ប្តូរ ដូចជាការផ្ទេរអំណាចរបស់សម្តេច ជូនអ្នកដឹកនាំបន្តវេនរាជរដ្ឋាភិបាលថ្ម៏ក៏ដោយ ក៏ទំនាក់ទំនងកម្ពុជា និងហុងគ្រី មិនផ្លាស់ប្តូរដែរ។
ជាមួយគ្នានេះ សម្តេចតេជោ បានលើកឡើងអំពីការធ្វើទស្សនកិច្ចរបស់សម្តេចចំនួនពីរលើកនៅប្រទេសហុងគ្រី និងទស្សនកិច្ចរបស់ប្រធានាធិបតីហុងគ្រីនៅកម្ពុជា នៅឆ្នាំ២០១៩ ហើយសង្ឃឹមថានឹងមានការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់បន្តទៀត ជាពិសេសព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសហុងគ្រី នាពេលខាងមុខ។
ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាស្នូល ដោយភាគីទាំងពីរអាចស្វែងរកចំណុចកិច្ចសហប្រតិបត្តិការណា ដែលភាគីទាំងពីរអាចសម្រេចបាន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងតាមសក្តានុពលដែលមាន។ ទោះយ៉ាងនេះក្តី សម្តេចបានលើកបន្ថែមថា ភាគីទាំងពីរក៏ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ផងដែរ ដូចជា វិស័យវប្បធម៌ និងជាពិសេស អប់រំ។
នៅក្នុងបរិបទនេះ សម្តេចបានអំពាវនាវឱ្យភាគីហុងគ្រី បន្ត ជួយគាំទ្រការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ តាំងពីពេលសម្តេច ជាប្រមុខរាជរដ្ឋាភិបាល។ នៅក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ សម្តេចតេជោ បានជម្រាបជូនលោកជំទាវអំពីការផ្តោតអាទិភាពរបស់ព្រឹទ្ធសភាកម្ពុជា ទៅលើវិស័យចំនួន២ ដែលនោះគឺ ការលើកកម្ពស់ការទូតសភា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការការបរទេស នៅក្នុងបរិបទដែលស្ថានភាពភូមិសាស្រ្តនយោបាយតំបន់និងពិភពលោកមានភាពតានតឹង និង ស្មុគស្មាញ និងការធ្វើគណនេយ្យភាពចំពោះអង្គបោះឆ្នោត ដើម្បីសមាជិកព្រឹទ្ធសភាសហការជាមួយអង្គបោះឆ្នោតផ្សាភ្ជាប់ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។ ក្នុងស្មារតីលើកកម្ពស់ការទូតសភា សម្តេច បានសម្តែងនូវបំណងប្រាថ្នាឱ្យមានការបង្កើតក្រុមមិត្តភាពរវាងព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភាហុងគ្រីផងដែរ។
ចំពោះបញ្ហាសិទ្ធិមនុស្ស សម្តេចបានថ្លែងអំណរគុណហុងគ្រីដែលបានគ្រាំទ្រធម្មនុញ្ញសន្តិភាពសកលសម្រាប់មនុស្សជាតិ និងភពផែនដី ហើយសម្តេចបានគូសបញ្ជាក់ថា តើយើងអាចនិយាយពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបានដែរឬទេ នៅពេលប្រទេសមានសង្គ្រាម ដែលសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ ដូចស្តែងឱ្យឃើញនៅបណ្តាប្រទេសមួយចំនួន នៅក្នុងតំបន់នានា រួមទាំងអឺរ៉ុបផងដែរ។ ក្រៅពីនេះ សម្តេចតេជោ បានពិភាក្សានិងផ្លាស់ប្តូរយោបល់អំពីស្ថានភាពនិងបញ្ហាតំបន់ និងអន្តរជាតិ និងគោលនយោបាយរបស់ប្រទេសមហាអំណាចផងដែរ ៕