ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីធីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងព្រៃសណីយ៍ និងទូរគមនាគមន៍ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ។
ក្នុងរយៈពេលពីរទសវត្សកន្លះ ក្រោយទទួលបានសុខសន្តិភាពពេញលេញ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានកសាងសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យជូនជាតិមាតុភូមិ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំ នៃសមិទ្ធផលដែលកសាងបាននេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវទិសដៅច្បាស់លាស់ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ដំណាក់កាលបន្ទាប់ ដូចដែលបានឆ្លុះបញ្ចាំងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់គោលដៅ រក្សាចលនាការណ៍នៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ព្រមជាមួយនឹង ការកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយការទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល ក៏ដូចជាយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១។ ក្នុងរយៈពេល ៥ឆ្នាំ ២០២០-២០២៤ ដែលជារយៈពេលឆ្លងពីការអនុវត្តយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ទៅរកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.ប.ទ. បានបន្តខិតខំធ្វើការកែទម្រង់ លើការងាររបស់ខ្លួនប្រកបដោយឆន្ទៈមោះមុត ដើម្បីជំរុញការអភិវឌ្ឍ និងការគ្រប់គ្រង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ នូវវិស័យ៣ ដែលស្ថិតនៅក្នុងដែន សមត្ថកិច្ចរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដែលទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមបញ្ចូលគ្នាជាវិស័យឌីជីថល និងការរួមចំណែក នៅក្នុងដំណើរការកសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាមក្របខណ្ឌ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថល ក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។
ដើម្បីបង្ហាញអំពីសមិទ្ធផលសម្រេចបាន ក្នុងការអនុវត្តការងារក្នុងរយៈពេល ៥ ឆ្នាំ ២០២០-២០២៤ កន្លងមក ក.ប.ទ. បានរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល ព្រមជាមួយនឹងការរំលេច អំពីបញ្ហាប្រឈមនិងទិសដៅការងារបន្ត សំដៅចូលរួមចំណែកជាកម្លាំងចលករជួយជំរុញឱ្យ កម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ២០៥០៕