ព័ត៌មានជាតិ

លោក ឃួង ស្រេង អញ្ជើញពិនិត្យការដំឡើង របាំងពុះចែកទ្រូងផ្លូវ និងស្លាកសញ្ញាកំណត់ល្បឿន លើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យកំណាត់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅ(ផ្លូវ៦០ម៉ែត្រ) ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ជាពិសេសលើដំណើរការ ការដំឡើង របាំងពុះចែកទ្រូងផ្លូវ ជាមួយការដាក់ស្លាកសញ្ញាកំណត់ល្បឿន និងស្លាកសញ្ញាផ្សេងទៀត នៅលើកំណាត់មហាវិថីនេះ ។

ក្នុងដំណើរចុះត្រួតពិនិត្យលើកិច្ចការខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានផ្តល់ការណែនាំ នូវការងារមួយចំនួន ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញអនុវត្តបន្ថែម ឱ្យស្របតាមស្តងដារបច្ចេកទេស។

យោងតាមលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានឱ្យដឹងក្រោយលោកអភិបាលរាជធានីភ្នំពេញ បានពិនិត្យលើស្ថានភាពផ្លូវហើយថា ការចុះទៅពិនិត្យនេះ លោកអភិបាលបានណែនាំបន្ថែម ដល់មន្ទីរសាធាណការ ដើម្បីឱ្យធ្វើយ៉ាងណាឱ្យការដំឡើងទ្រូវផ្លូវ ត្រូវតាមលក្ខណៈបច្ចេកទេស ក៏ដូចជាចំណាំងផ្លាតលើក្បាលព្រួញជាដើម ឱ្យគិតគូឱ្យបានហ្មត់ចត់ ខណៈជាក់ស្តែងមន្ទីរសាធារណការ បានរៀបចំស្របតាមលក្ខខ័ណ្ឌបច្ចេកទេស តាមគម្រោងរួចរាល់ហើយដែរ ។

លោកស្រីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា “និយាយជារួម​សម្រាប់ការកែលម្អហេដ្ឋារចនាសម័្ពន្ធចរាចរ ​សម្រាប់បំពាក់នៅលើទ្រូងផ្លូវនេះ​គឺយើងបានធ្វើបណ្តើរៗ និងជិតបញ្ចប់ទៅតាមអ្វី ដែលជាការសំណូមពរ ក៏ដូចជាភាពចាំបាច់ចំពោះមុខដែរ ។ ក្នុងនាមអាជ្ញាធរ យើងខ្ញុំនៅតែទទូចអង្វរករ ស្នើសុំជូនប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ដងផ្លូវ សូមមេត្តាគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា គោរពល្បឿនកំណត់ ហើយបើសិនជាប្រើប្រាស់ បានពិសារគ្រឿងស្រវឹង សូមមេត្តាកុំបើកបរ នេះជាសំណូមពររបស់អាជ្ញាធរ” ។

ជាមួយគ្នានេះ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តើមដំឡើងរបាំងពុះចែកទ្រូងផ្លូវ មហាវិថីសម្តេចតេជោហ៊ុន សែនហៅ(ផ្លូវ៦០ម៉ែត្រ) ដោយអនុវត្ត ចាប់តាំងពីព្រឹកថ្ងៃទី៦ខែកុម្ភៈម្សិលម៉ិញ ។

លោកសាំ ពិសិដ្ឋ បញ្ជាក់ថា ការដាក់របាំងពុះចែកទ្រូងផ្លូវនេះ ត្រូវចែកចេញជា២ ប្រភេទ។ ប្រភេទទី១ ដាក់របាំងដែកពុះចែកទ្រូងផ្លូវ ចាប់ផ្ដើមពីគល់ស្ពានអាកាសមរតកតេជោ រហូតទៅដល់ស្តុបក្បែរក្រុមហ៊ុនរថយន្ត Mercedes ដោយកំណត់នូវល្បឿន៤០គីឡូម៉ែត្រក្នុង១ម៉ោង។ ប្រភេទទី២ ដាក់របាំងថ្មពុះចែកទ្រូង ចាប់ពីចំណុចស្តុប Mercedes រហូតទៅដល់ផ្លូវជាតិលេខ២ កំណត់ល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង។ ក្រៅពីការរបាំងដែក និងរបាំងថ្មពុះចែកទ្រូងផ្លូវនេះហើយ មន្ទីរនៅបំពេញបន្ថែម នៅការងារមួយចំនួនទៀតដូចជា ដាក់ស្លាកសញ្ញារាចរណ៍បន្ថែម អ៊ុតគំនូសរាចរណ៍ ដាក់ចំណាំងផ្លាត ដាក់គោមភ្លើងពញ្ញាក់អារម្មណ៍ជាដើម ខណៈការងារនេះ ត្រូវប្រើរយៈពេលប្រមាណ១ខែកន្លះទើបបញ្ជាប់ ដោយសារផ្លូវមានប្រវែងវែងរហូតដល់៩គីឡូម៉ែត្រ ដែលទៀមទាពេលវេលាវែងដើម្បីអនុវត្ត៕

To Top