ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានបញ្ជាក់ថា ថវិកាដែលផ្ដល់ដោយអាមរិក ក្នុងសកម្មភាពដោះមីននៅកម្ពុជា មិនមែនតាមរយៈ USAID ហើយក៏មិនបានផ្ដល់ផ្ទាល់ មករាជរដ្ឋាភិបាលកម្ពុជានោះទេ។
ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសផ្អាកផ្ដល់ជំនួយទាំងឡាយ ក្នុងក្របខណ្ឌទូទាំងពិភពលោក រយៈពេល៩០ថ្ងៃ ដើម្បីពិនិត្យឡើងវិញ ពីប្រសិទ្ធភាពនៃជំនួយទាំងនោះ ហើយមានមតិសាធារណជនមួយចំនួន បានលើកឡើងពីផលប៉ះពាល់នៃជំនួយទាំងនោះ លើសកម្មភាពមីននៅកម្ពុជា។
តាមរយៈសេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីន បានឱ្យដឹងថា គិតចាប់ពីឆ្នាំ១៩៩២មក សកម្មភាពមីននៅកម្ពុជា រួមមានសកម្មភាពសំខាន់ៗ ដូចជាការបោស សម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនពិការ បានទទួលការគាំទ្រថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស្ស ចិន អៀកឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែដ អូទ្រីស បែលហ្ស៊ិក បារាំង ហូឡង់ ហុងគ្រី និងដាណឺម៉ាក មូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។
បច្ចុប្បន្ន ថវិកាពីសហរដ្ឋអាមេរិក សម្រាប់សកម្មភាពមីននៅកម្ពុជា ត្រូវបានផ្តល់ដោយការិយាល័យកាត់បន្ថយនិងលុបបំបាត់អាវុធ នៃកិច្ចការនយោបាយយោធា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក (The Office of Weapons Removal and Abatement in the U.S. State Department’s Bureau of Political-Military Affairs) មកកាន់ប្រតិបត្តិករបោសសម្អាតមីន រួមមានអង្គការម៉ុក (Mine Advisory Group) អង្គការហេឡូត្រាស្ត (Halo Trust) របស់អង់គ្លេស អង្គការអេភីអេ របស់ន័រវេស្ស (Norwegian People’s Aid) និងអង្គការដោះមីនកម្ពុជា។
ដោយឡែក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលថវិកាសហរដ្ឋអាមេរិក តាមរយៈអង្គការអេនភីអេ។ ថវិកាទាំងនោះមិនបានផ្ដល់តាមរយៈ USAID ហើយក៏មិនបានផ្ដល់ផ្ទាល់ មករាជរដ្ឋាភិបាលកម្ពុជាទេ។ សូមបញ្ជាក់ថា បច្ចុប្បន្នការពិភាក្សាកំពុងតែបន្ត មានរវាងអង្គការខាងលើ និងការិយាល័យកាត់បន្ថយ និងលុបបំបាត់អាវុធ នៃកិច្ចការនយោបាយយោធា របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ជាមួយនឹងការគាំទ្រពីអាជ្ញាធរមីន។
ទោះបីជាយ៉ាងណា អាជ្ញាធរមីនសង្ឃឹមថា សហរដ្ឋអាមេរិក នឹងបន្តផ្តល់ជំនួយសម្រាប់សកម្មភាពមីន នៅកម្ពុជា។
ជាមធ្យម ថវិកាសហរដ្ឋអាមេរិកមានប្រមាណ៣០% នៃថវិកាសរុបគាំទ្រសកម្មភាពមីននៅកម្ពុជា ប្រចាំឆ្នាំ ដោយមួយចំនួនធំត្រូវបានបែងចែកសម្រាប់បោសសម្អាតគ្រាប់បែកចង្កោម និងមួយចំនួនទៀត សម្រាប់បោសសម្អាតមីន និងសកម្មភាពពាក់ព័ន្ធ។ ក្នុងន័យនេះ ការបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត នៅតែបន្តដំណើរការជាមួយនឹងការគាំទ្រថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្ដល់ជំនួយផ្សេងទៀត ក្រៅពីសហរដ្ឋអាមេរិក៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)