ព័ត៌មានជាតិ

មេបក្សកាន់អំណាច កម្ពុជា-ឡាវ ជំរុញឱ្យពន្លឿនការជ្រើសរើសទីតាំង សម្រាប់សាងសង់ស្ពាន តភ្ជាប់ប្រទេសទាំងពីរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន និង លោក ថងលុន ស៊ីសូលីត ដែលជាមេបក្សកាន់អំណាច កម្ពុជា-ឡាវ បានជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ការជំរុញនេះ ធ្វើឡើងក្នុងជំនួបប្រជុំកំពូលលើកទី១៥ រវាងគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិមបក្ស នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ ដឹកនាំដោយលោក ថងលុន ស៊ីសូលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម និងជាប្រធានរដ្ឋឡាវ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល យោគយល់គ្នា និងក្នុងស្មារតីជឿទុកចិត្តគ្ន ដើម្បីបន្តពូនជ្រុំនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស និងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើន ឥតឈប់ឈរនៃចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែល បានលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង។ ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមក អំពីសភាពការណ៍រួមនៅក្នុងតំបន់ និងអន្តរជាតិ សភាពការណ៍ លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងគណបក្សទាំងពីរ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃការចាត់តាំង អនុវត្តស្មារតីនៃកិច្ចប្រជុំកំពូល លើកទី១៤ រវាងគណបក្សទាំងពីរ នៅរាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ដែលបានរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់ចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីល្អ និងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នា ទៅវិញទៅមករវាងគណបក្ស រដ្ឋ និងអង្គការមហាជន ក៏ដូចជារវាងអាជ្ញាធរមូលដ្ឋាននៅតាមព្រំដែននៃប្រទេស ទាំងពីរ ដើម្បីបុព្វហេតុការពារជាតិនិងអភិវឌ្ឍន៍ប្រទេសនីមួយៗ និងការលើកកម្ពស់តួនាទីប្រទេសទាំងពីរនៅ ក្នុងតំបន់ និងអន្តរជាតិ។

គណបក្សទាំងពីរ បានលើកទឹកចិត្ត និងជំរុញដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាត់ចែងអនុវត្តសេចក្តី ប្រកាសរួមរបស់នាយករដ្ឋមន្ត្រី កាលពីខែធ្នូ ឆ្នាំ២០២៤ ក្នុងការពន្លឿនជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពាន ឆ្លងកាត់ទន្លេរពៅ (ខេត្តព្រះវិហារ) ទន្លេសេឡាំប៉ាវ (ខេត្តចំប៉ាសាក់) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និង បន្តពិភាក្សា និងសិក្សាលើទីតាំងជាក់ស្ដែង ដើម្បីតភ្ជាប់ខេត្តទាំងពីរ ហើយទៅថ្ងៃអនាគត ថ្នាក់ដឹកនាំគណបក្ស ទាំងពីរលើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការពិនិត្យលទ្ធភាពនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតសម្រាប់
ខេត្តអត្តពើ និងខេត្តរតនគិរី។

ភាគីទាំងពីរបានឯកភាពខ្ពស់ ក្នុងការបន្តពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ច សហប្រតិបត្តិការរវាងគណបក្សទាំងពីរ ដើម្បីឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជននៃប្រទេសទាំងពីរ ក្នុង ការចូលរួមចំណែកដល់បុព្វហេតុសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំនៃគណបក្សទាំងពីរ បានឯកភាពគ្នាជួបប្រជុំកំពូលលើកទី១៦ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៦ ខាងមុខ៕

To Top