សៀមរាប៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល ប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដី ដែលគ្មានអ្នកណាអាចយកបាតដៃ ទៅបិទបាំងបានឡើយ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-06-1024x562.jpg)
ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ សរុបចំនួនជាង ៤០០នាក់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ែន បូណា បានថ្លែងថា រយៈពេល ៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លា ចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញ រយៈពេល២៦ឆ្នាំចុងក្រោយ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-08-1024x682.jpg)
លោកបន្តថា សមិទ្ធផលទាំងនេះបានទាញកម្ពុជាចេញពីគំនរផេះផង់ ចេញពីសោកនាដកម្មឈាមនិងទឹកភ្នែក ក្នុងសម័យសង្គ្រាមនិងរបបប្រល័យពូជសាសន៍ ឱ្យក្លាយជាប្រទេសសម្បូរសប្បាយ មិនធ្លាប់ដែលមានពីមុន។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-09-1024x682.jpg)
បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រជាពលរដ្ឋខ្មែរដែលត្រូវបានគេកាប់សម្លាប់ ស្ទើរតែអស់ពីភពផែនដីទៅហើយនោះ ស្រាប់តែមានភ័ព្វសំណាងបានរស់ឡើងវិញម្តងទៀត និងបានស្តារប្រទេសឡើងវិញឱ្យស្គាល់ យុគសម័យទំនើបដូចបច្ចុប្បន្ន។ នេះគឺជាមហាសមិទ្ធផលដែលជា ស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តថែរក្សានិងពូនជ្រុំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-11-1024x682.jpg)
ទន្ទឹមនឹងនោះ លោក ប៉ែន បូណា កត់សម្គាល់ទៀតថា ក្រុមប្រឆាំងជ្រុលនិយម បាននិងកំពុងព្យាយាមមួលបង្កាច់ លាបពណ៌ ញុះញង់ ដោយបង្កើតព័ត៌មានក្លែងក្លាយយ៉ាងច្រើនចាក់ ចូលក្នុងបណ្តាញសង្គមជារៀងរាល់ថ្ងៃ ក្នុងគោលបំណងបំផ្លាញសមិទ្ធផល របស់រាជរដ្ឋាភិបាល ហើយអូសទាញប្រទេសទៅរក អតីតកាលខ្មៅងងឹតឡើងវិញ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-12-1024x682.jpg)
ប៉ុន្តែ អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា «សមិទ្ធផលដែលរាជរដ្ឋាភិបាល សម្រេចបានមានទំហំធំធេងណាស់ ដែលគ្មានអ្នកណាអាចបំភ្លៃបានឡើយ ដូចពាក្យចាស់បូរាណពោលថា គ្មានអ្នកណាអាចយកបាតដៃ ទៅបិទបាំងព្រះអាទិត្យបានឡើយ ពោលគឺ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចអាច ត្រឹមយកបាតដៃទៅបាំងភ្នែកខ្លួនឯង កុំឱ្យឃើញពន្លឺព្រះអាទិត្យបាន ប៉ុន្តែមិនអាចបាំងភ្នែកអ្នកដទៃបានទេ»។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-13-1024x682.jpg)
លោក បន្ថែមថា យ៉ាងណាមិញ ក៏គ្មានអ្នកណាអាចបិទបាំងសមិទ្ធផល ដ៏ធំធេងរបស់រាជរដ្ឋាភិបាលពីភ្នែករបស់ ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិបានដែរ។ ជាក់ស្តែង អង្គការសហប្រជាជាតិបានទទួលស្គាល់ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានសម្រេចឱ្យកម្ពុជាត្រៀមខ្លួន ចាកចេញពីប្រទេសដែលមានការ អភិវឌ្ឍតិចតួចក្នុងពេលឆាប់ៗខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-15-1024x768.jpg)
ក្នុងន័យនេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើឱ្យក្រុមការងារទទួលបន្ទុកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការងារបុរេសកម្មឱ្យបានខ្លាំងក្លា ដើម្បីបញ្ជ្រាបសមិទ្ធផលដ៏ធំធេងទាំងនេះដល់ប្រជាពលរដ្ឋ ហើយរួមគ្នាសម្លឹងឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ប្រកបដោយមោទនភាព៕
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-16-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2025/02/photo_2025-02-10_13-23-18-1024x768.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)