ព័ត៌មានជាតិ

ក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមាន ការរៀបចំ ពិធីបុណ្យកោងកាង នៅខេត្តកោះកុង

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងគោលបំណង ថែរក្សាប្រព័ន្ធ អេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង និងការពង្រីក វិសាលភាពបៃតង ឈានឆ្ពោះទៅជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីទទួលបានអនុសាសន៍ណែនាំពីឯកឧត្តមរដ្ឋមន្រ្តី ដែលដឹកនាំក្រុមការងារដោយ លោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ នៅរសៀលថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួងបរិស្ថាន។

ស្របនឹងអនុសាសន៍ណែនាំរបស់ លោករដ្ឋមន្រ្តី លោក ម៉េង ហេង ប្រធានអង្គការ មេត្តាធម្មជាតិ និងក្រុមការងារ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការរួម ចំណែកជាមួយយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន នឹងបន្តការដាំដុះកូនកោងកាងជាមួយប្រជាសហគមន៍ក្នុងដែនសមុទ្រឱ្យបានកាន់តែច្រើន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលបានដាក់ចេញ គឺការបណ្តុះកូនឈើ ចែកកូនឈើ និងដាំកូនឈើច្រើនជាង ១លានដើមក្នុង១ឆ្នាំ ដែលកូនកោងកាងទាំងនេះ គឺជាចំណែកក្នុងការផ្តល់ ជម្រកដល់សត្វមានជីវិត នៅក្នុងទឹកដូចជា ត្រី ក្តាម និងបង្គារជាដើម។

ជាមួយគ្នានេះ ធនធានត្រី ក្តាម បង្គារ នឹងក្លាយជាចំណែកនៃប្រាក់ចំណូល របស់ប្រជាសហគមន៍ក្នុងដែនសមុទ្រផង និងឱ្យពួកគាត់មានត្រី សាច់សម្រាប់បរិភោគផង លើសពីនេះ ក៏អាចធ្វើជាម្ហូប អារហារលក់ជូនភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិផង ខណៈពួកគេទៅលេងកម្សាន្ត នៅតាមតំបន់ទាំងនោះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងលើសកម្មភាពទាំងនេះ ជាពិសេសដំបូងត្រូវអប់រំ និងពន្យល់ណែនាំដល់ប្រជាសហគមន៍ទាំងអស់ ឱ្យយល់អំពីសារៈសំខាន់នៃការ រួមចំណែកក្នុង យុទ្ធនាការពន្លកបៃតង តាមរយៈការចូលរួមក្នុង ការអភិរក្សធនធានធម្មជាតិ និងដាំដុះកូនកោងកាងដ៏មានតម្លៃនេះ ហើយនឹងផ្តល់ឱ្យពួកគាត់នូវភាពជាម្ចាស់ ក្លាយជាសហគ្រិនភាព អាចបន្តគ្រប់គ្រងសហគមន៍ដោយនិរន្តភាព និងជាប្រយោជន៍ សម្រាប់មនុស្សជាតិ និងអ្នកជំនាន់ក្រោយរបស់កម្ពុជា។

លោករដ្ឋមន្រ្តី ក៏បានជូនពរដល់ក្រុមការងារលោក ម៉េង ហេង ប្រធានអង្គការមេត្តាធម្មជាតិ ឱ្យការដំណើរការប្រព្រឹត្តពិធីបុណ្យកោងកាងនេះ ទទួលបានជោគជ័យ និងលទ្ធផលជាផ្លែផ្កា។

សូមជម្រាបជូនថា ព្រៃកោងកាងមិនត្រឹមតែជាជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាខែលការពារធម្មជាតិដ៏រឹងមាំ ពីគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុផងដែរ ។ ដូច្នេះ ការដាំស្តារព្រៃកោងកាងឡើងវិញ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគត និងជាការចូលរួមចំណែកក្នុងការ សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា៕

To Top