ព័ត៌មានជាតិ

លោក ប៉ែន បូណា៖ ក្រុមប្រឆាំងមិនអាចយកដៃ បិទបាំងសមិទ្ធផលរបស់ រាជរដ្ឋាភិបាលបានទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេល៤៦ឆ្នាំ ក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលធំធេងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋដែលគ្មានអ្នកណា អាចបិទបាំងភ្នែកប្រជាពលរដ្ឋខ្មែរមិនឱ្យ ឃើញសមិទ្ធផលទាំងនោះបានឡើយ ។

ក្នុងឱកាសអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប កាលពីពេលថ្មីៗនេះលោក ប៉ែន បូណាមានប្រសាសន៍ថា ការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី គឺមានសន្ទុះយ៉ាងខ្លាំងក្លាឆ្ពោះទៅមុខជានិច្ច ដែលការអភិវឌ្ឍប្រទេសមានរីកចម្រើនខ្លាំង ក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយនេះ ដោយសារតែកត្តាសុខសន្តិភាព ដែលរកដោយលំបាករបស់សម្តេចតេជោ ហ៊ុន សែន ។

លោកបន្តថា សមិទ្ធផលទាំងអស់នេះបានទាញកម្ពុជា ចេញពីអតីតកាលដ៏ជូរចត់ ផេះផង់ សោកនាថកម្ម សង្គ្រាម ការបង្ហូរឈាម និងទឹកភ្នែក មកជាប្រទេសមួយស្គាល់ការរីកចម្រើន ក្នុងសម័យទំនើបដែលពលរដ្ឋរស់ នៅក្នុងភាពសុខសាន្តដូចបច្ចុប្បន្ន ដែលគ្មានអ្នកណាអាចបំភ្លៃបានទេ ។

អ្នកនាំពាក្យបញ្ជាក់ថា “ពាក្យចាស់ពោលថា គេមិនអាចយកបាតដៃបិទបាំងព្រះអាទិត្យបានទេ ក្រុមប្រឆាំងរាល់ថ្ងៃនេះ គេអាចត្រឹមយកបាតដៃបិទបាំងភ្នែកខ្លួនឯងបាន ដើម្បីកុំឲ្យឃើញព្រះអាទិត្យ ប៉ុន្តែគេអត់អាចបិទភ្នែកអ្នកដទៃបានទេ ។ យ៉ាងណាមិញ ពួកគេមួលបង្កាច់ បំផ្លៃយ៉ាងណាក៏ដោយ ក៏មិនអាចបិតបាំងពីការពិតរបស់កម្ពុជា ចេញពីក្រសែភ្នែករបស់ពលរដ្ឋខ្មែរ ក៏ដូចជាពីសហគមន៍អន្តរជាតិបានដែរ ព្រោះនេះជាការពិត”។

នេះហើយគឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលពលរដ្ឋគ្រប់គ្នា ត្រូវតែមានមោទភាពក្នុងការផ្សព្វផ្សាយ ពីកម្ពុជាទៅឆាកអន្តរជាតិ។ នេះជាប្រសាសន៍របស់លោក ប៉ែន បូណា ៕

To Top