ភ្នំពេញ ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានឆ្លើយតបទៅអង្គការអាដហុកថា ប្រសិនបើអង្គការមួយនេះ ពិតជាមានបំណងពិតប្រាកដ ក្នុងការបើកវគ្គបណ្តុះបណ្តាលនានា ដើម្បីឲ្យប្រជាពលរដ្ឋ បានស្វែងយល់ដឹងពីផ្លូវច្បាប់ គឺជាការល្អប្រសើរ ហើយរាជរដ្ឋាភិបាល រីករាយស្វាគមន៍ជានិច្ច ដោយគ្មានរារាំងឡើយ ឲ្យតែមានឆន្ទះពិត។

ក្នុងវេទិការបស់អ្នកនាំពាក្យស្តីពីការ ចោទប្រកាន់ របស់អង្គការអាដហុក មកលើអាជ្ញាធរមូលដ្ឋានបិទសិទ្ធិ សេរីភាពបញ្ចេញមតិ នាពេលថ្មីៗនេះ លោក ប៉ែន បូណា មានប្រសាសន៍ថា គោលបំណងរបស់អង្គការអាដហុក លើការបណ្តុះបណ្តាល ផ្នែកច្បាប់ដល់ពលរដ្ឋ គឺស្របទៅតាមការចង់ បានរបស់រាជរដ្ឋាភិបាល ប៉ុន្តែអាដហុកត្រូវធ្វើអ្វីៗ ដែលច្បាប់បានកំណត់ កុំធ្វើឲ្យហួសព្រំដែន ។
លោកបន្តថា បើអាដហុកចង់ចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងលទ្ធិប្រជាធិបតេយ្យជារឿងល្អ ប៉ុន្តែរាជរដ្ឋាភិបាលមិន ដែលឃើញអាដហុក ថ្កោលទោសចំពោះអ្នកណា ដែលចង់ផ្តួលរំលំ រាជរដ្ឋាភិបាល តាមរយៈការមិនចូលរួមបោះឆ្នោតនោះទេ បែរជាអាដហុក ការពារពូកគេទៅវិញ នៅពេលរាជរដ្ឋាភិបាល មានវិធានការណ៍លើផ្លូវច្បាប់ទៅវិញ ។
លោកគូសបញ្ជាក់ថា “ឥឡូវយើងមើល គាត់ថា គាត់បង្រៀនប្រជាពលរដ្ឋឲ្យចេះច្បាប់ រាជរដ្ឋាភិបាលស្វាគមន៍ណាស់ ចង់ឲ្យគ្រប់គ្នា មិនថាមន្រ្តី មិនថាប្រជាពលរដ្ឋចេះច្បាប់និងគោរពច្បាប់ នេះជាអ្វីដែលរាជរដ្ឋាភិបាលចង់បាន។ ដូច្នេះបើសិន ជាអាដហុកចង់ចូលរួមចំណែក រាជរដ្ឋាភិបាលសប្បាយរីករាយ ប៉ុន្តែសូមឲ្យពិតប្រាកដ ឲ្យបង្រៀន ប្រជាពលរដ្ឋចេះច្បាប់ឲ្យអស់” ។
ចំពោះករណីចោទថា ជាង៩០ភាគរយអាជ្ញាធរមូលដ្ឋានរារាំង ចំពោះវេទិកាជួបជុំនានា របស់អង្គការសង្គមស៊ីវិល លោក ប៉ែន បូណា យល់ថា គ្មានអ្វីចម្លែកនោះទេ ព្រោះក្នុងនាមអាជ្ញាធរ តែងតែចង់ដឹង ពីគោលបំណង ចំពោះការ ជួបជុំរបស់ពួកគេ។ ណាមួយក្រុមអាជ្ញាធរ ចុះមកកន្លែងវេទិកា ពួកគាត់នោះក៏ជាការការពារ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពផងដែរ ។
លោកក៏ដាក់ជាសំណួរថា ហេតុអ្វីបានពួកសង្គម ស៊ីវិលលាក់បាំង មិនចង់ឲ្យអាជ្ញាធរមូលដ្ឋាន បានដឹងនិង ចុះទៅដល់ផ្ទាល់កន្លែងវេទិកា បើសិនគ្រាន់តែជាការបង្រៀន ឲ្យពលរដ្ឋដឹងពីច្បាប់ ឬមួយក៏ពួកគេមានបំណងអ្វីផ្សេង?។
គួររំលឹកថា កាលពីថ្ងៃ១០ កុម្ភៈ អង្គការអាដហុក បានចេញផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងឆ្នាំ២០២៤មានជាង៩០% ដែលអាជ្ញាធរតាមសហគមន៍មូលដ្ឋាន ស្ថិតក្នុងភូមិចំនួន២៩៦ ឃុំចំនួន១១១ ស្រុកចំនួន ៦៦ នៃខេត្តគោលដៅ ចំនួន២២ បានរឹតត្បិតសិទ្ធិសេរីភាព បញ្ចេញមតិ តាមរយៈការជួបជុំដោយសន្តិវិធី ដែលជាការរំលោភ ច្បាប់ជាតិ-ច្បាប់អន្តរជាតិ មានជាធរមាន តាមរយៈការសួរនាំរក លិខិតអនុញ្ញាត ថតរូប រកលេខទូរស័ព្ទអ្នកចូលរួមជាដើម ៕
