ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរដែលកំពុងស្នាក់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានលើកបដាប្រកាសមិនចូលរួមធ្វើបាតុកម្មតាមការញុះញង់របស់ក្រុមប្រឆាំងជ្រុលនិយម ព្រោះពួកគេជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង និងមិនចង់បង្ខូចកិត្តិយសជាតិនៅលើឆាកអន្តរជាតិ។
លោក ញ៉ ឧត្តម ជាពលករខ្មែរម្នាក់ក្នុងចំណោមពលកររាប់រយនាក់ផ្សេងទៀតនិយាយថា៖ “ខ្ញុំមិនចូលរួមធ្វើបាតុកម្មទេ ហើយខ្ញុំស្រឡាញ់ជាតិខ្ញុំ! ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងបូរណភាពទឹកដីជាមួយប្រទេសជិតខាង។
លោកនិយាយថា៖ “ពួកខ្ញុំជាពលករដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ ជឿជាក់លើសមត្ថភាពដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការចចារបញ្ហាព្រំដែនជាមួយប្រទេសជិតខាង”។ លោកបន្ដថា៖ “ខ្មែរនៅទីណាក៏ដោយ ទោះមានគំនិតមិនដូចគ្នាក៏ដោយ ក៏យើងនៅតែជាខ្មែរ! យើងមិនត្រូវឈ្លោះគ្នានៅលើទឹកដីគេ នាំឱ្យគេមើលងាយនោះទេ”។ បាតុកម្មមិនមែនជាដំណោះស្រាយនោះទេ ផ្ទុយទៅវិញបាតុកម្មគឺតែងតែនាំឱ្យយើងខាតបង់ពេលវេលា លុយកាក់ កិត្តិយសខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ដូចនេះសូមបងប្អូនដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កុំទៅចូលរួមបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំងឱ្យសោះ”។
ពលករខ្មែររូបនេះបានអំពាវនាវឱ្យប្រជាពលរដ្ឋផ្សេងទៀតកុំចាញ់ឧបាយកលបោកបញ្ឆោតរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច ដែលបាននិងកំពុងញុះញង់បងប្អូនឱ្យចូលរួមបាតុកម្មដែលគ្រោងរៀបចំធ្វើនៅថ្ងៃខាងមុខនេះ។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់លោកមានការជឿជាក់ និងទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចរចាបញ្ហាព្រំដែនសមុទ្រជាមួយភាគីថៃដោយមិនចាំបាច់ប្តឹងទៅតុលាការអន្ដរជាតិនោះទេ។
លោក យាន ធារ៉ា ជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េបាននិយាយថា៖ “សូមកុំជឿតាមការអុជអាលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលយកបញ្ហាទឹកដីមកដុតបញ្ឆេះពលរដ្ឋខ្មែរ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង។ មានតែខ្មែរដែលមានខួរបរទេសទេ ដែលចង់រុញខែ្មរឱ្យប្តឹងទៅតុលាការអន្តរជាតិលើករណីកោះគុត ខណៈដែលប្រទេសយើងទាំងពីរកំពុងតែធ្វើការជាមួយគ្នាដោយសន្តិវិធី និងយកច្បាប់ជាគោល”។ លោកបន្តថា ក្រុមជ្រុលនិយមឧទ្ទាមក្រៅច្បាប់កំពុងអុជអាលដោយយកបញ្ហាទឹកដី មកដុតបញ្ឆេះពលរដ្ឋ និងចង់ឱ្យកម្ពុជាប៉ះទង្គិចដោយអាវុធជាមួយប្រទេសជិតខាង ដែលអាចនាំឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាម បាត់បង់អាយុជីវិតប្រជាជន និងបំផ្លាញសេដ្ឋកិច្ចទាំងស្រុង។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុត ដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចាគ្នានៅឡើយ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង។
គួររំឭកថា ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់នៅតែព្យាយាមយកកោះគុតមកធ្វើជាលេស ដើម្បីកៀរគរមនុស្សមកធ្វើបាតុកម្មនៅសាធារណរដ្ឋកូរ៉េ ប៉ុន្ដែការអំពាវនាវ ការកៀរគរមនុស្សរបស់ពួកគេគ្មានប្រសិទ្ធភាពនោះទេ ដោយសារពលរដ្ឋបានដឹងច្បាស់ពីល្បិចកលដ៏ខ្មៅងងឹតរបស់ពួកគេក្នុងការបម្រើផលប្រយោជន៍ទណ្ឌិត សម រង្ស៊ី និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតគាំទ្រដោយប្រជាពលរដ្ឋកម្ពុជា៕






