ព័ត៌មានជាតិ

សម្តេច ឃួន សុដារី៖ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀតបានទេ

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់ប្រតិភូសភាអាមេរិក ថា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មិនអាចនាំចេញពីប្រទេសមួយ ទៅប្រទេសមួយទៀតបានទេ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមរិក ដឹកនាំដោយ លោក ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេច ឃួន សុដារី បានវាយតម្លៃខ្ពស់លើការប្រាស្រ័យទាក់ទងគ្នា ក៏ដូចជាការជួបសន្ទនាជាមួយគ្នាដោយផ្ទាល់ថា ជាប្រការដ៏ល្អបំផុតនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ពីព្រោះការជួបគ្នាដោយផ្ទាល់ នឹងធ្វើឱ្យមានការយល់ដឹងកាន់តែច្បាស់ ពីសភាពការណ៍ពិត ហើយមានការជឿជាក់និងយោគយល់គ្នាកាន់តែច្រើនឡើង។

សម្តេច មានសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូសភាអាមេរិក នៅក្នុងឱកាសនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។

សម្តេច មានប្រសាសន៍លើកឡើងថា ទំនាក់ទំនងកម្ពុជានិងអាមេរិកនៅក្នុងរយៈពេល ៧៥ឆ្នាំមកនេះ បានផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។ សម្តេច បានថ្លែងអំណរគុណសហរដ្ឋអាមេរិក ដែលបានផ្តល់ជូនវត្ថុបុរាណប្រមាណជាង១៥០មុខ ដែលកម្ពុជាបានបាត់កាលពីសម័យសង្រ្គាមមកវិញ។ ជាមួយគ្នានេះ កម្ពុជាមានឆន្ទៈមោះមុត ជាប្រទេសមួយនាំមុខគេក្នុងតំបន់ដែលបាន សហការជាមួយសហរដ្ឋអាមេរិក ក្នុងការស្វែងរកនិងបញ្ជូនអដ្ឋិធាតុទាហានអាមេរិក ដែលបានបាត់បង់អាយុជីវិតក្នុងសង្រ្គាមឥណ្ឌូចិន ទៅកាន់មាតុប្រទេសវិញ។

សម្តេច ប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា «សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមិនអាច នាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេសដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ»។

លោក ជីមី ផេនីតា ក៏ដូចជាសមាជិកគណៈប្រតិភូ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើន ដែលកើតចេញពីទំនាក់ទំនងដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាមេរិក។ គណៈប្រតិភូបានកោតសរសើរ ចំពោះតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការសម្របសម្រួលទំនាក់ទំនងអាមេរិក និងអាស៊ាន។ ជាមួយគ្នានេះ លោកបានសន្យានឹងពំានាំការពិតពីកម្ពុជា ជម្រាបជូនសភានិងរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរ។

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាគណៈប្រតិភូសភាសហរដ្ឋអាមេរិក មានជំនឿមុតមាំថា កម្ពុជា និងសហរដ្ឋអាមរិក បន្តគំាទ្រគ្នាទៅវិញទៅមក ក៏ដូចជាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានទំាងទំនាក់ទំនងសភា វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ និងមនុស្សធម៌ ជាដើមនោះ ជាបន្តទៀត៕

To Top