ព័ត៌មានជាតិ

បញ្ហាកោះគុត! នាយករដ្ឋមន្ត្រីកម្ពុជា ផ្ដាំអ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ កិច្ចការងារបច្ចេកទេស

ភ្នំពេញ៖ បញ្ហាកោះគុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើដល់អ្នកនយោបាយខ្មែរ-ថៃ កុំយករឿងនយោបាយមកលូកលាន់ មកលើកិច្ចការងារបច្ចេកទេសព្រំដែន។

នាអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានចលនាជំរុញស្មារតីជាតិនិយមនៅក្រៅប្រទេស កំពុងរុញចលនាជាច្រើន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា និងប្រទេសជិតខាង ដូចជា ករណី CLV បញ្ហាកោះគុត ហើយមកដល់ពេលនេះ យកបញ្ហាប្រាសាទតាមាន់។

សម្តេចបវរធិបតី បានថ្លែងផ្តាំដល់អ្នកនយោបាយខ្មែរ និងថៃ អ្នកជាតិនិយមកុំទាញយករឿងនយោបាយ មកបូកឡូកជាមួយបច្ចេកទេសព្រំដែន និងច្បាប់អន្តរជាតិ ពីព្រោះអ្នកមិនមែនជាអ្នកជំនាញព្រំដែនទេ ទុកឲ្យអ្នកជំនាញព្រំដែនគេធ្វើការ។

សម្ដេច មានប្រសាសន៍ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជូនសារទៅអ្នកនយោបាយទាំងអស់ ទាំងខ្មែរ ទាំងថៃ សូមកុំយករឿងនយោបាយមកលូកលាន់ លើកិច្ចការបច្ចេកទេសឱ្យសោះ។ ព្រោះអ្នកនយោបាយ អត់ដឹងរឿងកិច្ចការបច្ចេកទេសជាងអ្នកភូមិសាស្ដ្រទេ ទុកឱ្យអ្នកបច្ចេកទេស គេធ្វើការ ដោះស្រាយតាមការងារបច្ចេកទេស រឿងព្រំដែនទាក់ទងទៅនឹងបញ្ហាបច្ចេកទេស ច្បាប់អន្ដរជាតិ ឱ្យគេប្រើមូលដ្ឋាននឹងដោះស្រាយ»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់អ្នកនយោបាយថៃ កុំជំរុញរឿងនេះ ដើម្បីចំណេញនយោបាយ ។ កម្ពុជា គឺផ្អែកនៅលើមូលដ្ឋាន នៅក្នុងការថែរក្សាអធិបតេយ្យរបស់ខ្លួន រកវិធីសាស្ដ្រដោះស្រាយដែលបន្សលទុកពេលមុន តាមរយៈយុទ្ធការឯកសារភាពគ្នាផ្លូវការ ដែលមានគណៈកម្មាធិការជម្រុះព្រំដែន កម្ពុជា-ថៃ៕

To Top