ព័ត៌មានជាតិ

និស្សិត និងពលករខ្មែរនៅប្រទេសជប៉ុន អំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន តាមរយៈការចរចារដោយសន្តិវិធី

ភ្នំពេញ៖ និស្សិត និងពលករខ្មែរ ដែលកំពុងសិក្សារៀនសូត្រ និងធ្វើការ នៅប្រទេសជប៉ុនបានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅបរទេសទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនតាមរយៈការចរចារដោយសន្តិវិធី ជាជាងនាំគ្នាធ្វើបាតុកម្មពោរពេញដោយកំហឹងក្រោមរបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងក្រៅប្រទេសដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងការទូត និងសន្តិសុខជាតិ ជាមួយបណ្តាប្រទេសជាមិត្ត។

លោក សូរ មុនីឬទ្ធ ជានិស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានអំពាវនាវដល់បងប្អូនពលករខ្មែរ និស្សិតខ្មែរដែលកំពុងធ្វើការ និងសិក្សារៀនសូត្រនៅប្រទេសជប៉ុនសូមទុកលទ្ធភាពឱ្យរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី តាមរយៈការចរចារ ដោយមិនចាំបាច់ទៅប្តឹងតុលាការអន្តរជាតិនោះទេ។ បងប្អូនពលករខ្មែរត្រូវជឿជាក់លើមេដឹកនាំខ្មែរខ្លួនឯងដើម្បីដោះស្រាយបញ្ហាជាតិ ជៀសវាងមានជម្លោះការទូត។

និស្សិតរូបនេះថាខ្លួននឹងមិនចូលរួមបាតុកម្មជាដាច់ខាត ដែលជាការបំផុសបំផុលពីសំណាក់ក្រុមបក្សប្រឆាំងម្តងហើយម្តងទៀត ដែលការធ្វើបាតុកម្មនេះមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាព្រំដែនបាននោះទេ ប៉ុន្តែក៏ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា ថៃ ដែលជាប្រទេសភូមិផងរបងជាប់គ្នា ជាពិសេសអាចបង្កស្ថានការណ៍កាន់តែតានតឹងឈានដល់ជម្លោះព្រំដែនទៀតផង។

ដោយឡែក លោកស្រី ប្រាក់ សេងហៀក ជាពលករជំនាញខ្មែរធ្វើការនៅតំបន់ក្យូតុ ប្រទេសជប៉ុន បានលើកឡើងថាខ្លួនមានការជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន បូរណភាពទឹកដីជាមួយប្រទេសជិតខាងដោយសន្តិវិធី ដើម្បីរក្សាផលប្រយោជន៍ជាតិជារួម ជាជាងធ្វើសកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចការជាតិលើបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ ពលកររូបនេះបានអំពាវនាវឱ្យពលរដ្ឋខ្មែររស់នៅបរទេសទាំងអស់កុំចូលរួមធ្វើបាតុកម្មតាមរយៈការអុចអាលរបស់ក្រុមប្រឆាំងជ្រុលនិយមដែលធ្វើឱ្យប្រទេសជាតិធ្លាក់ចូលក្នុងសង្គ្រាមខ្មែរបែកបាក់ និងមានជម្លោះជាមួយបណ្តាប្រទេសជិតខាង។ បងប្អូនត្រូវរក្សាសន្តិភាពក្នុងប្រទេស និងជឿលើថ្នាក់ដឹកនាំដោះស្រាយតាមរយៈការចរចារដោយសន្តិវិធី។

ទន្ទឹមនឹងនេះនិស្សិត និងពលករខ្មែរអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការទាញភ្ជាប់បញ្ហាកោះគុតដែលស្ថិតក្នុងតំបន់ត្រួតស៊ីគ្នានៃព្រំដែនសមុទ្ររវាងកម្ពុជា និងថៃមកបញ្ជេះកំហឹងពលរដ្ឋ ខណៈដែលភាគីទាំងពីរកំពុងតែធ្វើការចរចាគ្នានៅឡើយ។ ពួកគេមានចេតនាទុច្ចរិតបង្កឱ្យមានជម្លោះរវាងប្រទេសជិតខាង និងនាំឱ្យខ្មែរបែកបាក់ជាតិជាខ្លាំង៕

To Top