ព័ត៌មានជាតិ

អ្នករិះគន់ការអនុម័តច្បាប់ “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងក្នុងរយៈកាលកម្ពុជាប្រជាធិបតេយ្យ” គួរសិក្សាលម្អិតថែមទៀត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យអ្នករិះគន់ពីការអនុម័តច្បាប់ ស្តីពី “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ដែលមាន៧មាត្រានោះ គួរសិក្សារៀនសូត្រឱ្យលម្អិតបន្ថែមទៀតអំពីវិស័យច្បាប់ទាំងនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានាក្នុងពិភពលោក ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌នេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងការរិះគន់របស់លោក David Hutt អ្នកអត្ថាធិប្បាយព័ត៌មានជាភាសាអង់គ្លេសមួយរូប មកលើច្បាប់ស្តីពី “ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ។ លោក David Hutt អះអាងថា ការអនុម័តច្បាប់នេះ ជាការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក្រោយពីសមាជិករដ្ឋសភា កាលពីថ្ងៃ១៨ កុម្ភៈបានអនុម័តច្បាប់នេះ ដោយសំឡេងគាំទ្រ១១៥នៃចំនួនសមាជិករដ្ឋសភាទាំងមូល ជាស្ថាពរ ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នាថ្ងៃ១៨ កុម្ភៈ បានឲ្យដឹងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ហៅកាត់ថា អ.វ.ត.ក. ដែលត្រូវបានបង្កើតឡើងដោយច្បាប់កម្ពុជា បានរកឃើញឧក្រិដ្ឋកម្មធ្ងន់ធ្ងរត្រូវបានប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ រួមមាន ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មដែលជាការរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុង ហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩។ ដូច្នេះ, ការមិនទទួលស្គាល់សេចក្តីសម្រេចស្ថាពររបស់ អ.វ.ត.ក. គឺមិនមែនជាការអនុវត្តសេរីភាពក្នុងការបញ្ចេញមតិនោះទេ។ ផ្ទុយទៅវិញ, ទង្វើនេះ ជាការមិនគោរពសេចក្តីសម្រេចស្ថាពររបស់ អ.វ.ត.ក. និងប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងសម័យនោះ ។

សេចក្តីថ្លែងការណ៍បន្តថា “ដូច្នេះ, អ្នករិះគន់នឹងការអនុម័តច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ គួរតែទៅសិក្សាលម្អិតបន្ថែម អំពីច្បាប់ស្រដៀងគ្នានេះ ដែលមាននៅ តាមបណ្តាប្រទេសជាច្រើនផ្សេងទៀត។ ជាក់ស្តែង, ប្រទេសយ៉ាងតិចចំនួន ១៧ នៅអឺរ៉ុប ដែលធ្លាប់បានឆ្លងកាត់នូវសោកនាដកម្មនៃការសម្លាប់រង្គាល នៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ ក៏បានបង្កើតច្បាប់ដាក់ទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឬឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ស្រដៀងគ្នានឹងកម្ពុជាដែរ ។ ដោយក្នុងចំណោមនោះ ច្បាប់របស់ប្រទេសខ្លះកំណត់ផ្តន្ទាទោសអ្នកមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដាក់ពន្ធនាគាររហូតដល់ទៅ ១០ឆ្នាំឯណោះ” ។

ច្បាប់ ស្តីពី “ការប្រឆាំងការមិន ទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” របស់កម្ពុជានេះ ត្រូវបានរៀបចំឡើង ក្នុងគោលដៅទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មនេះកើតមានឡើងសាជាថ្មី ។ រីឯបុគ្គលណាមិនទទួលស្គាល់ មានន័យស្មើនឹងបុគ្គលនោះគាំទ្រឱ្យមានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឱ្យឧក្រិដ្ឋកម្ម នៃការសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។
សម្រាប់កម្ពុជា, ការបង្កើតច្បាប់នេះឡើង គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតអំពីការប្តេជ្ញាចិត្ត ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ទាំងលើទិដ្ឋភាពនយោបាយ ទិដ្ឋភាពច្បាប់ និងទិដ្ឋភាពសង្គម ក្នុងការប្រឆាំង និងទប់ស្កាត់ឱ្យបានជាដាច់ខាត កុំឱ្យឧក្រិដ្ឋកម្មសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ កើតមានសាជាថ្មីឡើងវិញនៅលើទឹកដីកម្ពុជា ៕

To Top