ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយ រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យនេះប្រព្រឹត្តទៅក្នុងគោលបំណង ដូចជា៖
១-លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃ ព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជា ការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។
២-ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សព្រៃកោងកាង តាមរយៈបំផុសឱ្យមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ទាំងរដ្ឋាភិបាល តំណាងអង្គទូត អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋាន។
៣-លើកស្ទួយតម្លៃនៃសន្តិភាព ភាពសុខដុមរមនា និងការរស់នៅប្រកបដោយសុខដុមជាមួយបរិស្ថាន ដែលព្រៃកោងកាងមិនត្រឹមតែជាធនធានធម្មជាតិដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃភាពសុខដុមរមនា រវាងមនុស្ស និងធម្មជាតិផងដែរ។
៤-ផ្សព្វផ្សាយអំពីសក្តានុពលនៃធនធានធម្មជាតិ ពិសេស ព្រៃកោងកាង ក្នុងការទ្រទ្រង់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់នូវធនធានធម្មជាតិ និងឱកាសទេសចរណ៍ធម្មជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយនិរន្តរភាព។
សកម្មភាពសំខាន់ៗនៅក្នុងពិធី «បុណ្យកោងកាងសន្តិភាព» រួមមាន ការដាំដើមកោងកាង ដោយ មានការចូលរួមពីថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស អ្នកចូលរួម និងប្រជាពលរដ្ឋ ក្នុងការដាំកូនកោងកាងនៅតំបន់ ព្រៃកោងកាងដែលបានកំណត់ ការជិះទូកកម្សាន្តនិងទស្សនាព្រៃកោងកាង និងការហែលទឹកលេងកម្សាន្ត។
សូមបញ្ជាក់ថា ពិធី «បុណ្យកោងកាងសន្តិភាព» ត្រូវបានរំពឹងថា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើក កម្ពស់ការយល់ដឹង និងការចូលរួមរបស់សាធារណជន ក្នុងការថែរក្សាព្រៃកោងកាង និងបរិស្ថាននៅកម្ពុជា។ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ សូមអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងពិធីបុណ្យដ៏មានអត្ថន័យនេះ ទៅតាមកាលបរិច្ឆេទ និងទីកន្លែង ដូចបានជូនដំណឹង ខាងលើ ដើម្បីរួមគ្នាថែរក្សាព្រៃកោងកាង និងសន្តិភាពសម្រាប់កូនចៅជំនាន់ក្រោយ ៕
