ព័ត៌មានជាតិ

លោក ឃៀង សុណាឌីន៖ របាយការណ៍លីកាដូ និយាយពីវិបត្តិកំណើន អ្នកជាប់ពន្ធនាគារជារឿងមិនពិត

ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការលីកាដូ ជុំវិញការចេញផ្សាយអំពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារ មានភាពចង្អៀតណែនតានតាប់ អាចជាមិនបានប្រៀបធៀបទៅនឹង ករណីជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលលោកយល់ឃើញថា ជារបាយការណ៍វាយតម្លៃមុន មានការកែប្រែពោលតាំងពី៥ឆ្នាំមុន ។

កាលពីថ្ងៃ ១៨ កុម្ភៈ អង្គការលីកាដូចេញផ្សាយរបាយការណ៍ស្តីពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារថា មានភាពចង្អៀតណែន និងតម្រូវការកំណែទម្រង់ប្រព័ន្ធនាគារ។ ក្នុងនោះអង្គការបានរកឃើញថា ចុងឆ្នាំ ២០២៤ ពន្ធនាគារចំនួន១៨ ក្នុងចំណោមពន្ធនាគារទាំង១៩កន្លែង ដែលលីកាដូធ្វើការងារជាមួយ បានដាក់ជនជាប់ឃុំលើសពីសមត្ថភាពរបស់ខ្លួន ដោយក្នុងនោះមានពន្ធនាគារចំនួន១១កន្លែង ដាក់ជនជាប់ឃុំយ៉ាងតិចចំនួន២០០% នៃសមត្ថភាពអាចដាក់បាន ។ អង្គការក៏បញ្ជាក់ថា បច្ចុប្បន្នពន្ធនាគារខេត្តកណ្តាល ជាពន្ធនាគារមានភាពចង្អៀតណែនជាងគេ ដោយដាក់ជនជាប់ឃុំជាង៣,៩០០នាក់ នៅក្នុងទំហំពន្ធនាគារដែលអាចដាក់បានត្រឹមតែ ៦០០នាក់ ដែលធ្វើឱ្យពន្ធនាគារនេះមានអត្រា ដាក់ជនជាប់ឃុំដល់ទៅជាង៦៥០% ។ សម្រាប់ករណីនេះ អង្គការលីកាដូក៏ទទួលស្គាល់ថា រាជរដ្ឋាភិបាលក៏បានកែប្រែនិងកែលំអរពន្ធនាគារហើយ ប៉ុន្តែនៅមិនទាន់ល្អនោះទេ ដែលទាមទារការកែប្រែបន្ថែមទៀត ។

លោក ឃៀង សុណាឌីនបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ១៩ កុម្ភៈថា នេះអាចជារបាយការណ៍របស់លីកាដូ ដែលស្រាវជ្រាវមុនពេលមានការ កែហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ ព្រោះអ្វីដែលអង្គការនេះលើកឡើងមិនបាន បង្ហាញពីទិដ្ឋភាពក្នុងពន្ធនាគារឡើយ ។ ជាក់ស្តែងលីកាដូថា ពន្ធគារខេត្តកណ្តាល ដាក់ផ្ទុកអ្នកជាប់ទោសលើកម្រិត កំណើតនោះជារឿងមិនពិត ។

លោកអ្នកនាំពាក្យបន្ថែមថា “លីកាដូខ្លួនឯង ក៏ពុំមានសមត្ថកិច្ចក្នុងការសិក្សាប្រៀបធៀបរឿងនេះ បែរជាយកអ្វីដែលខ្លួនបានដឹងពីមុន យកមកធ្វើការប្រៀបធៀបជាមួយនឹងស្ថានភាព បច្ចុប្បន្នដែលធ្វើឲ្យការប្រៀបធៀបនេះ គឺពុំបានឆ្លុះបញ្ចាំងអំពីការពិតជាក់ស្តែង បែរជាលើសពីការពិតជាក់ស្តែងទៅវិញ”។

ចំពោះករណីពន្ធនាគារវិញ លោកថា ទាំងក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានពន្ធគារមិនដែលព្រងើយកន្តើយនោះទេ ពោលតាំងពីពេលកន្លងមក រហូតដល់បច្ចុប្បន្នតែងតែយកចិត្តទុកដាក់បន្ថែមទៀត នៅក្នុងស្មារតីកំណែទម្រង់ពន្ធនាគារ ដើម្បីគ្រប់គ្រងពន្ធនាគារប្រកបដោយ សន្តិសុខសុវត្ថិភាព និងមនុស្សធម៌៕

To Top