ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានមានប្រសាសន៍ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ របបសន្តិសុខសង្គម មានចំនួន៣ធំៗ បានគ្របដណ្តប់លើពលរដ្ឋសរុបប្រមាណ២,៧លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គម កម្ពុជា ឆ្នាំ២០២៥ និង ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវក្របខណ្ឌគោល នយោបាយជាតិ គាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ក្នុងចំណោមរបបសន្តិសុខសង្គមធំៗ ទាំង៣ ដែលគ្របដណ្តប់ លើពលរដ្ឋជិត៣លាននាក់នេះ គឺរដ្ឋបានចំណាយថវិកាសរុបចំនួនប្រមាណ២ ២៩៧ ប៊ីលានរៀល ស្មើនឹងប្រមាណ៥៧៤លានដុល្លារអាម៉េរិក ។ ក្នុងនោះថវិការដ្ឋចំនួន៤០៦លានដុល្លារអាម៉េរិក និងថវិកាភាគទានប្រមាណ ១៦៨លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដែលរបបសន្តិសុខសង្គមទាំងនោះ រួមមាន៖ ១). របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិត , មន្ត្រីសាធារណៈ , អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន , បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ។ ២). របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ និង ៣). របបសន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ។
លោកបន្តថា លើសពីនេះទៀត នៅពេលជួបវិបត្តិ និងគ្រោះអាសន្នកន្លងមក ទាំងការរីករាលដាលនៃជំងឺកូវីដ-១៩ , សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ , រាជរដ្ឋាភិបាលក៏បានគិតគូរ និងផ្តល់ការគាំពារដល់ពលរដ្ឋ តាមរយៈអន្តរាគមន៍ជំនួយសង្គម ពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយបានចំណាយថវិកា រដ្ឋបន្ថែមសរុបចំនួន៥,៧ទ្រីលានរៀល , សមមូលប្រមាណ១ ៤២២ លានដុល្លារអាម៉េរិក , ដើម្បីជួយរក្សាលំនឹងជីវភាព , កាត់បន្ថយកម្មវិបាកអវិជ្ជមាន និងស្តារជីវភាពរបស់ពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា បើគិតជារួម ចាប់តាំងពីការចាប់ផ្តើម អនុវត្តក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦- ២០២៥ ប្រព័ន្ធគាំពារសង្គមកម្ពុជាត្រូវបានពង្រីកវិសាលភាពលើសមុនជាង២ដង ខណៈការគ្របដណ្តប់ប្រជាពលរដ្ឋ បានកើនពីចំនួន ៣,៣ លាននាក់ កាលពីឆ្នាំ ២០១៧ ដល់ជាង ៧,៥ លាននាក់ ក្នុងឆ្នាំ ២០២៤ ៕
