ភ្នំពេញ៖ ទោះបីជាទទួលបានដំណឹងហើយថា សហរដ្ឋអាមេរិកនឹងផ្ដាច់ជំនួយ លើសកម្មភាពដោះមីននៅកម្ពុជា តែវាមិនមែនជាឧបសគ្គរារាំង សម្រាប់អង្គភាពស៊ីម៉ាក់ ចំពោះប្រតិបត្តិការរបស់ខ្លួនឡើយ ជាក់ស្ដែងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងស៊ីម៉ាក់ បានបន្តបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក កាលពីសម័យសង្គ្រាមវៀតណាម ។

គួរកត់សម្គាល់ថា MK82 ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតនៅក្នុងជម្លោះជុំវិញពិភពលោក រួមទាំងអាហ្វហ្គានីស្ថាន ហ្គាហ្សា អ៊ីរ៉ាក់ និងសង្រ្គាមឈូងសមុទ្រ។ ក្នុងនោះ MK82 ក៏បានឃើញដាក់ពង្រាយយ៉ាងទូលំទូលាយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កំឡុងសង្គ្រាមវៀតណាម ផងដែរ។

បើយោងតាមគណនីហ្វេសប៊ុក របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា CMAC បានឱ្យដឹងថា នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងជំនាញយុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម បានបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់២៣០គីឡូក្រាម ចំនួន២ទីតាំង ស្ថិតក្នុង២ខេត្តគឺ មួយទីតាំងស្ថិតនៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងមួយទីតាំងទៀតស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
លោក ហេង រតនា បញ្ជាក់ថា តាមលក្ខណៈបច្ចេកទេសគ្រាប់បែកMK82 នៅឃុំដើមឬស ស្រុកកណ្តាលស្ទឹង អាចដោះបន្សាបនិងដឹកជញ្ជូន ទៅកន្លែងសុវត្ថិភាពដោយជោគជ័យ។ ដោយឡែកគ្រាប់បែកនៅឃុំត្រែងត្រយឹង មិនអាចដោះបន្សាបនិងដឹកជញ្ជូនបានទេ ដោយស្ថានភាពគ្រាប់បែកមានហានិភ័យខ្ពស់ ត្រូវកាត់បន្សាបដោយម៉ាស៊ីនស្វ័យប្រវត្តិ និងអាចកម្ទេចនៅហ្នឹងកន្លែងតែម្តង នៅថ្ងែទី២០ ខែកុម្ភះស្អែកនេះ។

សូមរំលឹកថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គភាព CMAC បានទទួលព័ត៌មានជាផ្លូវការពីអង្គការដៃគូ ដោយ ស្នើសុំអង្គភាពCMAC ធ្វើការរំសាយបុគ្គលិកនិងកម្លាំងប្រតិបត្តិការដែលស្ថិតនៅក្នុង គម្រោងជំនួយរបស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។

បើតាមអង្គភាព CMAC បានឱ្យដឹងថា ការផ្អាកជំនួយពីអង្គការជាដៃគូចំនួន៣ ដែលមានថវិកាចំនួនប្រមាណ២លានដុល្លារក្នុងមួយឆ្នាំ បានធ្វើឲ្យប៉ះពាល់ដល់កម្លាំងជំនាញបច្ចេកទេស អង្គភាពCMAC ចំនួន២១០នាក់ ដែលកំពុងបំពេញការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ស្ថិតក្នុងខេត្តកំពង់ចាម ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
ទោះបីជាយ៉ាងណា ជំនួសឱ្យនូវការរងផលប៉ះពាល់ខាងលើនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់និងបន្តគាំទ្រយ៉ាងពេញទំហឹង អនុញ្ញាតិឱ្យអង្គភាពCMAC រៀបចំនិងកែសម្រួលកម្លាំងចំនួន២១០នាក់ ដែលបានរងផលប៉ះពាល់ ដោយសារការផ្អាកនិងកាត់រំសាយ ក្នុងគម្រោងជំនួយសហរដ្ឋអាមេរិកនេះ នៅបន្តភារកិច្ចរបស់ខ្លួនក្នុងអង្គភាពជាធម្មតា ដើម្បីបន្តអនុវត្តន៍កិច្ចប្រតិបត្តិការបោសសម្អាត គ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាម ជូនប្រជាពលរដ្ឋតាមសំនូមពរ៕
