ព័ត៌មានជាតិ

សម្តេចធិបតី៖ ថវិកាជាតិប៉ោង ព្រោះដំឡើងបៀវត្សមន្រ្ដីរាជការ និងគាំពារសង្គម មិនមែនទិញនាវា ឬយន្តហោះចម្បាំង

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានប្រសាសន៍ថា ថវិកាជាតិប៉ោងឡើង ដោយសាររដ្ឋបានចំណាយ ទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ មិនមែនយកទៅទិញនាវា ឬយន្តហោះចម្បាំងដូចក្រុមប្រឆាំងចោទប្រកាន់ទេ ។

ការមានប្រសាសន៍បែបនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ដោយសារមានក្រុមប្រឆាំងនៅក្រៅប្រទេសបានលើកឡើងបែបចោទប្រកាន់ គ្មានទិសតំបន់មកលើសម្តេចកាលពីពេលថ្មីៗថា សម្តេចបានចំណាយថវិកាជាតិទៅ ទិញរថយន្តប្រមាណជាជិត៣០០គ្រឿង ឲ្យកងកម្លាំងប្រដាប់អាវុធ ប៉ុន្តែសម្តេចតបទៅវិញថា ការទិញរថយន្តនោះមិនមែនយកថវិកាជាតិឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី «បើកសប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៥ និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥» នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងពីការចំណាយថវិកា របស់រដ្ឋទៅលើគោលនយោបាយគាំពារសង្គម និងការដំឡើងប្រាក់បៀវត្សរបស់មន្រ្ដីរាជការ ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ ។ ទោះបីជារដ្ឋបានចំណាយថវិកាច្រើនយ៉ាងណាក៏ដោយ ក៏សម្តេចធិបតីបានសង្កត់ធ្ងន់ថា រដ្ឋមិនអស់លុយនោះទេ ព្រោះរដ្ឋចេះមានវិធានការគ្រប់គ្រង ថវិការបស់ជាតិដែលមានថវិកា សម្រាប់ដំឡើងប្រាក់បៀវត្សមន្រ្ដីរាជការ អតីតយុទ្ធជន និងគោលនយោបាយគាំពារសង្គមដល់ពលរដ្ឋទៅមុខទៀត ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា “គ្រាន់តែយើងឡើងគម្រោងថវិកាជាតិថ្ងៃមុន ការចំណាយ និងចំណូល មានការចេញមកវាយប្រហារថា រដ្ឋអស់លុយហើយ ហើយចំណាយកាន់តែប៉ោង(រីកធំ)ទៅ ។ សួរថា ប៉ោងថវិកាជាតិរបស់យើង ប៉ោងដោយសារអី ការកំណើនរបស់ប្រជាជន ការលើកស្ទួយជីវភាពរបស់ប្រជាជន ការដំឡើងបៀវត្ស ។ តែបើនិយាយថាប៉ោងច្រើនជាងគេគឺការជួយសង្គមនេះឯង ដែលពលរដ្ឋកើនរាប់លាននាក់ដែលត្រូវការជួយបន្ថែមទៀត មិនមែនប៉ោងយកលុយទៅទិញ នាវាចម្បាំង ឬមួយក៏កប៉ាល់ហោះប្រយុទ្ធទេ គឺលុយធ្លាក់ទៅលើប្រជាពលរដ្ឋនេះឯង ដែលថវិកាយើងកើនឡើង”។

ម្យ៉ាងទៀត បើតាមសម្តេចធិបតី ការប៉ោងថវិកាជាតិនេះ ក៏ដោយសាររដ្ឋបានគិតទៅដល់ពលរដ្ឋ និងវិស័យឯកជននានាផងដែរ តាមរយៈការមិនគិតពន្ធ ។ ប៉ុន្តែការបន្ធូបន្ថយពន្ធនិងមិនគិតពន្ធនេះ ក៏មិនបានធ្វើឲ្យរដ្ឋបាត់បង់ការគ្រប់គ្រងថវិកាជាតិនោះទេ ដោយសារមានថវិកាបើកឲ្យមន្រ្តីរាជការបានជារៀងរាល់ខែ ។

សម្តេចធិបតីអះអាងទៀតថា ជាធម្មតាឱនភាពនៃការចំណាយចំណូលថវិកាជាតិ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ គឺមានស្ទើរគ្រប់ប្រទេស ប៉ុន្តែរដ្ឋបានធានានូវចីរភាពក្នុងការ ដោះស្រាយការចំណាយចរន្ត វិនិយោគនិងការធានាផ្សេងៗ ៕

To Top