ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់លើស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ។
ការមានប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើឡើងតាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។
តាមរយៈសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំថា អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបញ្ជូនស្ត្រីក្នុងវ័យបន្តពូជ ស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនអាយុក្រោម២ឆ្នាំ មកទទួលសេវាថែទាំសុខភាពនៅមណ្ឌលសុខភាព ឬ មន្ទីរពេទ្យបង្អែកឲ្យបានគ្រប់ៗគ្នា។ ជាមួយគ្នានេះ ត្រូវជួយជំរុញស្ត្រីឲ្យមកទទួលសេវាបន្តតាមការ ណាត់ជួបរបស់ឆ្មប ឬគ្រូពេទ្យ និងសូមជួយតាមរកស្ត្រីដែលអាក់ខាន មិនបានមកទទួលសេវា ឬ បោះបង់សេវាឲ្យមកទទួលសេវា និងថ្នាំព្យាបាលតាមការកំណត់។ ក្នុងន័យនេះ ត្រូវចូលរួមគាំទ្រ ការអនុវត្តគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងនេះដែរ ប្រធានកាកបាទក្រហមកម្ពុជាក៏បានឲ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល គ្រូពេទ្យ ឆ្មប អ្នកផ្តល់សេវាសុខាភិបាលទាំងអស់ ត្រូវមានភារកិច្ចអនុវត្តគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាពខ្ពស់ នឹងសម្រេចតាមគោលដៅកំណត់។ អ្នកផ្តល់សេវាថែទាំសុខភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការយល់ដឹងជាសាធារណៈ ការផ្តល់សេវាការថែទាំសុខភាពប្រកបដោយគុណភាព និងការផ្សព្វផ្សាយដល់អ្នកដែលត្រូវការជំនួយ។
ក្នុងនោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រី បុគ្គលិកសុខាភិបាល ក្នុងការជួយអប់រំផ្សព្វផ្សាយសារអប់រំសុខភាព និងជួយតាមដានជំរុញ បញ្ជូន ស្ត្រី ឬយុវតីឱ្យមកទទួលសេវានៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា ឬតាមការ ណាត់ជួបកុំបីខាន។ ស្ថាប័នជាតិ អន្តរជាតិ អង្គការជាដៃគូពាក់ព័ន្ធទាំងអស់ គាំទ្រដល់ភាពជាដៃគូរវាងសេវាសាធារណៈ និងឯកជន បន្តវិនិយោគទាំងផ្នែកបច្ចេកទេស និងថវិកា លើការងារថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ ដើម្បីសម្រេចបានការគ្របដណ្តប់ការពិនិត្យ ថែទាំសុខភាពជាសកលនៅកម្ពុជា៕
