ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដា្ឋន សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។





តាមប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន តែងប្រារព្វពិធីនេះឡើង មិនខនខានឡើយ ហើយសំរាប់ពិធីតាមបែបសាសនានេះ សម្តេចព្រះមហាសង្ឃរាជ បូរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាអម្ចាស់ក៏បានយាង ប្រកាសទេវតា និងស្វាធ្យាយព្រះបរិត្តពុទ្ធជ័យមង្គល ក្នុងពិធីនេះផងដែរ។





មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលទទួលបន្ទុកលើការងារនេះបានឱ្យដឹងថា គម្រោងសាងសង់អគារអន្តេវាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ មានកម្ពស់៧ជាន់ មានបណ្តោយប្រវែង៣៧ម៉ែត្រនិងទទឹង៩ម៉ែត្រ ស្មើនឹង៤២បន្ទប់ ស្ថិតនៅក្នុង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លាបំផុត របស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន,សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងត្រូវប្រើប្រាស់ពេលវេលាសាងសង់ចំនួន១២ខែទើបបញ្ចប់៕
