ព័ត៌មានជាតិ

លោក ហួត ហាក់៖ គ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍

ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល​ ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍​តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់មគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ។

ក្នុងពិធីសំណេះសំណាលលើនេះ ក៏មានការអញ្ជើញចូលរួម ពីលោកអភិបាលរងខេត្តសៀមរាប តំណាង លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងអគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយកគ្រឹះស្ថានអង្គរ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ ព្រមទាំងអង្គភាពពាក់ព័ន្ធសរុបចំនួន ២៥០រូប។
 
ក្នុងនោះដែលលោកហួត ហាក់​​ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ និងបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ មិនថាតែនៅខេត្តសៀមរាប តែនៅទូទាំងប្រទេស ដែលតាមរយៈបងប្អូនទាំងអស់ បានធ្វើឱ្យពិភពលោកបានស្គាល់ពីកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ក្នុងតួនាទីជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបានដាក់ចេញនូវសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការចំនួន ៦ យោង «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ដែលត្រូវការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងន័យនេះ បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ តែងតែបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយកិត្តិនាមកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងដើរតួនាទីជាទូតនាំសារដ៏សំខាន់ របស់កម្ពុជាទៅកាន់តំបន់ និងពិភពលោក ព្រមទាំងជាអ្នកដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គមផងដែរ។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក រដ្ឋមន្ត្រី បានថ្លែងថា មូលដ្ឋានគ្រឹះសំខាន់ នៃការអភិវឌ្ឍវិស័យទេសចរណ៍ គឺកត្តាសុខសន្តិភាព​​​ ដែលរកបានដោយកម្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ ចក្ខុវិស័យប្រាកដនិយម និងវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានបន្តថែរក្សាសន្តិភាពនេះ ឱ្យបានគង់វង្ស, ស្ថិរភាពនយោបាយ ត្រូវបានរក្សា ការពារយ៉ាងគត់មត់, សន្តិសុខ, សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម មានភាពរឹងមាំ, ការធានាបាន នូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កត្តាសាមគ្គីភាពផ្ទៃក្នុង ឯកភាពជាតិ និងសុខដុមនីយកម្ម (ទាំងក្នុងចំណោមគណបក្សនយោបាយ និងសាសនា)។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ផ្តាំផ្ញើ មួយចំនួនដល់លោក លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ អនុវត្តឱ្យបានត្រឹមត្រូវ តាមក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍ ដោយធ្វើសកម្មភាពអាជីវកម្ម​ក្នុងន័យបង្កើនកិត្តិនាមជាតិ និងចូលរួមលើកស្ទួយតម្លៃនៃជាតិសាសន៍ខ្មែរ និងភាពជាខ្មែរ ជាមួយនឹងការផ្តល់ការសម្រួលផ្សេងៗ​ ជូនបងប្អូនមគ្គុទ្ទេសក៍ ក្រសួងទេសចរណ៍ នឹងបន្តពង្រឹងយន្តការត្រួតពិនិត្យរាល់សកម្មភាព អសកម្មទាំងទ្បាយដែលអនុវត្តប្រាសចាក ពីក្រមសីលធម៌ និងក្រមប្រតិបត្តិជាធរមាន ។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យឱ្យសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ចូលរួមជាមួយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ពង្រឹងគុណភាព ផ្តល់សេវាកម្មរបស់សមាជិកខ្លួន និងលើកទឹកចិត្តឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមិនទាន់ជាសមាជិក នៃសមាគមណាមួយ អាចពិចារណាចូលរួមជាសមាជិកសមាគម ដើម្បីទទួលបានផលប្រយោជន៍ជារួម និងស្នើឱ្យលោក លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ ចូលរួមផ្សព្វផ្សាយទេសចរណ៍តាមគ្រប់រូបភាព ពិសេសតាមបណ្តាញសង្គមនានា ដើម្បីបង្កើនកិត្តិនាម និងមុខមាត់របស់កម្ពុជា៕

To Top