ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ ការប្រើប្រាស់បច្ចេកវិទ្យា Ai ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ គុណភាពអប់រំ នៅកម្ពុជា

ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ពិភពលោកទាំងមូល បានដើរចូលទៅក្នុងយុគសម័យ​ នៃបញ្ញាសិប្បនិម្មិត Ai ដូចនេះ ការចាប់ឱ្យទាន់ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជា អាចទទួលបាននៅបំណិនឌីជីថល និងបំណិនបញ្ញាសប្បនិម្មិត ។

ក្នុងឱកាសអញ្ជើញបើកសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំយុវជនកីឡា នឹងរៀបចំជាថ្នាលមួយ ដើម្បីឱ្យយុវជនកម្ពុជា អាចចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យា Ai ។ ​ក្នុងនោះដើម្បីលើកកម្ពស់​លទ្ធផលសិក្សារបស់សិស្ស ក្រសួងបាននិងកំពុងរៀបចំ កម្មវិធីបណ្តុះបណ្តាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពាក់ព័ន្ធទៅនឹងបរិញ្ញាបត្រ Ai Cyber Security ក៏ដូចជាវិទ្យាសាស្ត្រទិន្ន័យជាដើម ។

ពាក់ព័ន្ធទៅនឹងបញ្ញាសិប្បនិម្មិត Ai នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបញ្ជ្រាបការប្រើប្រាស់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងនៅតាមសាលារៀនជំនាន់ថ្មីរួចរាល់ហើយ ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា “ដូច្នេះថ្ងៃនឹងយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ នូវសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះ ក្នុងគោលដៅដោះស្រាយ បញ្ហាដែលយើងកំពុងតែជួបប្រទះ គឺខ្វះគ្រូក៏ដូចជាខ្វះបន្ទប់រៀន ហើយការប្រើប្រាស់បញ្ញាសិប្ប​និម្មិត​ អាចជួយឱ្យសិស្សានុសិស្ស ជាពិសេសយុវជនជំនាន់ថ្មី អាចទទួលបាននូវចំណេះដឹងថ្មីៗ ទាល់ពេលវេលា ហើយអាចឈានទៅរកការលើកកម្ពស់ នូវគុណភាពអប់រំ ឱ្យដើរទាន់ទៅនឹងនិន្នាការសកលនៃបច្ចេកវិទ្យា Ai ហើយយើងដឹងហើយថា បច្ចេកវិទ្យា Ai គឺជាបច្ចេកវិទ្យាមួយ ដែលមានការដាក់ទុនវិនិយោគជាច្រើន រយពាន់លានដុល្លារ ហើយនិងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ ក្នុងន័យនេះ ការចាប់ឱ្យទាន់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យយុវជននៅកម្ពុជា អាចទទួលបាននៅបំណិនឌីជីថល និងបំណិនបញ្ញាសប្បនិម្មិត ដោយគ្រាន់តែ​ប្រើប្រាស់ទូរសព្ទដៃ ដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយ នៅការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដែលមានតម្លៃខ្ពស់” ។

គួរបញ្ជាក់ថា ដើម្បីលើកកម្ពស់ការអប់រំឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រអប់រំឌីជីថល សម្រាប់សាលារៀន ក្នុងគោលដៅ លើកកម្ពស់ អក្ខរកម្មឌីជីថល ការអនុវត្តប្រព័ន្ធគ្រប់គ្រងការសិក្សា ការផ្សព្វផ្សាយកម្មវិធី តម្រង់ទិសសិក្សា រួមមាន មគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា តាមប្រព័ន្ធអនឡាញ “កម្មវិធី ត្រីវិស័យ” ការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បច្ចេកវិទ្យាឌីជីថល ការបង្កើត និង កែ សម្រួលកម្មវិធីបណ្តុះបណ្តាល លើមុខជំនាញផ្នែក បច្ចេកវិទ្យាឌីជីថល និងការពង្រីក និងការប្រើប្រាស់ថ្នាលឌីជីថល សម្រាប់ការបង្រៀន និងរៀន៕

To Top