ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃ២៤ កុម្ភៈនេះ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំដើម្បីបំភ្លឺលើ សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការចាត់ចែង ជាបណ្ដោះអាសន្ននូវវត្ថុចាប់យក ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ និងគណៈកម្មការនានា នៃព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់ស្ដីពីការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យដែលមាន៧មាត្រា ត្រូវបានរដ្ឋសភា កាលពីថ្ងៃ១៨ កុម្ភៈ បានបើកសម័យប្រជុំអនុម័តដោយសំឡេងគាំទ្រ១១៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូលជាស្ថាពរ ។
បន្ទាប់ពីសមាជិករដ្ឋសភាទាំងមូលបានអនុម័តរួចត្រឹម១ថ្ងៃប៉ុណ្ណោះ ក៏ត្រូវបានលោក David Hutt អ្នកអត្ថាធិប្បាយព័ត៌មាន ជាភាសាអង់គ្លេសមួយរូបរិះគន់ថា “ជាការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ”។ ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ បកស្រាយត្រឡប់ទៅវិញផងដែរថា ច្បាប់ស្តីពី “ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” របស់កម្ពុជានេះ ត្រូវបានរៀបចំឡើងនាពេលនេះ ក្នុងគោលដៅទប់ស្កាត់កុំឲ្យឧក្រិដ្ឋកម្មនេះ កើតមានឡើងសាជាថ្មី ។ រីឯបុគ្គលណាមិនទទួលស្គាល់ មានន័យស្មើនឹងបុគ្គលនោះគាំទ្រឲ្យ មានការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ក៏ដូចជាចង់ឲ្យឧក្រិដ្ឋកម្ម នៃការសម្លាប់រង្គាលដ៏ឃោរឃៅព្រៃផ្សៃ កើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា ៕






