ព័ត៌មានជាតិ

កម្ពុជា សល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ១.៥៧៧គីឡូម៉ែត្រការ៉េ និងមានពលរដ្ឋជាង ១លាននាក់ បន្តរស់នៅតំបន់សង្ស័យមានមីន

បន្ទាយមានជ័យ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា កម្ពុជា បន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១.៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ។

ការលើកឡើងរបស់ លោកបណ្ឌិត លី ធុជ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន២៤ កុម្ភៈ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» ដែលបានប្រព្រឹត្តិទៅនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក លី ធុជ បានគូសបញ្ជាក់ទៀតថា សកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះទាំងនេះនៅតាមសហគមន៍ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលើការងារបោសសម្អាតមីន និងគ្រាប់។

លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា «បន្ទាប់ពីប្រវត្តិសាស្រ្តជាអកុសលរបស់កម្ពុជាអស់ជាង៣ទសវត្សរ៍ កម្ពុជា រយៈពេល៣២ឆ្នាំនេះ បានរំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានចំនួន ៣.២៩៧ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញ និងបំផ្លាញចោលមីន និងយុទ្ធភណ្ឌគ្រឿងផ្ទុះបានរាប់លានគ្រាប់។ សមិទ្ធផលទាំងនេះ គឺបានកើតចេញពីគុណតម្លៃនៃសន្តិភាពបង្កើតឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី តាមរយៈ នយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងការបន្តកិច្ចខិតខំប្រឹងបែងយ៉ាងមុះមុតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ប៉ុន្តែ ទោះបីមានកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកពីរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ក៏ដូចជាសប្បុរជននានា កម្ពុជាបន្តនៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជា ១.៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១ លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ»។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ និងប្រទេសជាមិត្តដ៏ឆ្នើមរបស់កម្ពុជា ក៏ដូចជាប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស សម្ភារ និងថវិកា ដល់ការងារសកម្មភាពមីនមនុស្សធម៌ ក្នុងគោលដៅពន្លឿនឱ្យកម្ពុជារួចចាកផុតពីគ្រាប់មីន និងគ្មានទុកប្រជាពលរដ្ឋខ្មែរណាម្នាក់បន្តរងគ្រោះដោយសារគ្រាប់មីន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវដល់ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងវិស័យឯកជននានា បន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តការបោសសម្អាត និងសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសង្រ្គោះជីវិត កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់សុវត្ថិភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

To Top