ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងកម្មវិធី រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ លើកទី២» ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុមុខ។

ពិធីនេះ ក៏មានអញ្ជើញចូលរួមពី លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំង លោកស្រី ជាភរិយាថ្នាក់ដឹកនាំតាមបណ្ដាក្រសួង-ស្ថាប័ននានា និងលោក-លោកស្រី សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនរូប។

កម្មវិធី «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នេះ រៀបចំធ្វើឡើងចំថ្ងៃខួបទី៤៦ឆ្នាំ នៃការវិលត្រឡប់ជួបគ្នាសារជាថ្មី នៃសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងគោលបំណង ដើម្បីរំលឹកចងចាំទៅដល់ថ្ងៃដែល សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានវិលត្រឡប់មករួមរស់នៅជួបជុំគ្នា ក្រោយថ្ងៃរំដោះ ៧មករា នៅរាជធានីភ្នំពេញ បន្ទាប់ពីការចាកចេញរបស់សម្តេចតេជោ ទៅកសាងកម្លាំងដើម្បីរួមគ្នាផ្ដួលរំលំរបបអាវខ្មៅ «ព្រាត់ហើយជួបវិញ គូព្រេងមិនព្រាត់ នេះគឺជារឿងដែលនឹកស្មានមិនដល់» ភាពលះបង់ របស់សម្តេចតេជោ ដោយយកជីវិតធ្វើជាដើមទន់ ដើម្បីរំដោះប្រទេសជាតិ បានក្លាយទៅជា ការចងចាំរបស់កូនខ្មែរគ្រប់ៗជំនាន់។

ទន្ទឹមនឹងនោះដើម្បីគូសចង់រំលេចនូវភាពដែលសាមញ្ញ ហើយថ្លៃថ្នូរ នៃសម្លៀកបំពាក់របស់ខ្មែរ ដែលជាកេរ្តិ៍តំណែលវប្បធម៌អរូបី ហើយយើងទាំងអស់គ្នាជាកូនខ្មែរជំនាន់ក្រោយ មានភារកិច្ចថែរក្សា ការពារ លើកតម្កើងឱ្យក្លាយជាសកម្មភាព ជាក់ស្តែង ឱ្យការប្រើប្រាស់កាន់តែពេញនិយមនៅក្នុងចំណោម យុវវ័យ និងប្រជាជនគ្រប់ ស្រទាប់វណ្ណៈ ។

ក្នុងនោះក៏មានព្រឹត្ដិការណ៍បង្ហាញម៉ូតសម្លៀកបំពាក់ជាច្រើន រួមទាំងកម្រងវីដេអូឯកសារជាច្រើនវគ្គទៀត ដែលបានបង្ហាញពីសម្លៀកបំពាក់អាហ៍ពិពាហ៍ខ្មែរ ក្រោយសម័យអង្គរ ដោយចាប់ផ្ដើមពីដើមសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងការបង្ហាញម៉ូត «រាត្រីស្រមោសរ សំពត់បត់ខ្មែរ» ដ៏ស្រស់ស្អាតផូរផង់នេះ ដែលបានបង្ហាញដោយតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗប្រចាំកម្ពុជាផងដែរ៕

To Top