បរទេស៖ អាជ្ញាធរចិនបាននិយាយថា ពួកគេបានចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិត នៅឈូងសមុទ្រតុងកឹង កាលពីថ្ងៃច័ន្ទ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីវៀតណាម បានប្រកាសខ្សែបន្ទាត់ថ្មីមួយដែលសម្គាល់ អ្វីដែលខ្លួនចាត់ទុកទឹកដីរបស់ខ្លួន នៅក្នុងតួទឹករវាងប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋបាលសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិន បាននិយាយថា សមយុទ្ធនេះនឹងផ្តោតលើតំបន់ឈូងសមុទ្រ Beibu ដែលនៅជិតឈូងសមុទ្រតុងកឹងរបស់ភាគីចិន ហើយនឹងដំណើរការរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍។
យ៉ាងណាក៏ដោយ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែសមយុទ្ធនេះធ្វើឡើងបន្ទាប់ពី មានការប្រកាសកាលពីសប្តាហ៍មុន ដោយវៀតណាមដែលបង្កើតខ្សែបន្ទាត់មូលដ្ឋាន ដែលប្រើដើម្បីគណនាទទឹងនៃដែនទឹក របស់ខ្លួននៅក្នុងឈូងសមុទ្រតុងកឹង។
សារព័ត៌មានរដ្ឋវៀតណាម Vietnam News បានរាយការណ៍ថា ខ្សែបន្ទាត់មូលដ្ឋានគឺអនុលោមតាមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ហើយនឹងផ្តល់ “មូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់ការពារ និងអនុវត្តអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់វៀតណាម”។
វៀតណាមមិនបានឆ្លើយតបជាសាធារណៈ ចំពោះសមយុទ្ធរបស់ចិននោះទេ។ ប្រទេសចិន និងវៀតណាមមានកិច្ចព្រមព្រៀងដែនសមុទ្រ ជាយូរមកហើយដែលគ្រប់គ្រងឈូងសមុទ្រតុងកឹង ប៉ុន្តែត្រូវបានជាប់គាំងក្នុងការទាមទារ ប្រកួតប្រជែងនៅក្នុងសមុទ្រចិនខាងត្បូង ក្បែរនោះលើប្រជុំកោះ Spratly និង Paracel និងតំបន់ដែនសមុទ្រ ៕
ប្រែសម្រួលៈ ណៃ តុលា
