ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យមន្រ្តីក្រោមឱវាទកោះហៅជនស្លៀកពាក់ស៊ីវិល ដែលប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ (ន.ប) ដឹកឈើល្មើសច្បាប់មកធ្វើការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត។
ការដាក់បទបញ្ជាហៅមកសួរនាំនេះ បន្ទាប់ពីមានបណ្តាញព័ត៌មានផ្សព្វផ្សាយថា “មានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ កាងបទល្មើសព្រៃឈើ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង”។
ក្រោយមានការផ្សាយបែបនេះ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឲ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះបញ្ហានេះ។ រហូតដល់ម៉ោងនេះ សមត្ថកិច្ចកំណត់បាននូវអត្តសញ្ញាណនៃរថយន្តដែលប្រព័ន្ធផ្សព្វផ្សាយបានផ្សាយរួចហើយ ។ ក្នុងនោះលោកស្នងការបានចាត់វិធានការ ភ្លាមដល់ផែនការងារធនធានមនុស្ស និងផ្នែកពាក់ព័ន្ធកោះហៅអ្នកប្រើប្រាស់រថយន្តខាងលើ មកធ្វើការសាកសួរស្រាវជ្រាវ ។
ជាមួយគ្នានេះ លោកស្នងការបញ្ជាក់ថា ក្នុងករណីរកឃើញមន្រ្តីនគរបាលរូបណាពាក់ព័ន្ធ ក្នុងអំពើល្មើស នឹងចាត់វិធានការស្របទៅតាមបទវិន័យរបស់កងកម្លាំងនគរបាលជាតិ ៕
