ព័ត៌មានជាតិ

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាចំនួន៥៥រូប នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូលបានឯកភាពទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការ មិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ នេះបើយោងតាមលទ្ធផលនៃសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

សេចក្តីព្រាងច្បាប់ថ្មីនេះ រៀបចំឡើងដើម្បីកំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្ម ទាំងនេះត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ នៅក្នុងរបបខ្មែរក្រហម និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ គឺជាឧបករណ៍គតិយុត្តដ៏សំខាន់ និងជាតម្រូវការចាំបាច់ ដើម្បីការពារទប់ស្កាត់មិនឱ្យរបបដ៏ឃោរឃៅព្រៃផ្សៃនេះវិលត្រឡប់មកវិញក្នុងសង្គមជាតិ ក្នុងពេលដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងរស់នៅប្រកបដោយសេចក្តីសុខពេញលេញក្រោមដំបូលសន្តិភាព ហើយក៏ឆ្លុះបញ្ចាំងពីភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន ៧មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧៕

To Top