ភ្នំពេញ ៖ របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៤ នាថ្ងៃ២៦ កុម្ភៈថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងឆ្នាំ២០២៤ មានចំនួន ២ ៨៤៤លើក ថយចុះ១៤% (ថយចុះ៤៧៣លើក) ប្រៀបធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៣ ៣១៧ លើក។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៤នេះ មានគ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញចំនួន ៨៩៦លើក , ខេត្តព្រះសីហនុចំនួន ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន៖ បើកបរល្មើសល្បឿន៤១% , មិនគោរពសិទ្ធិ២៣% , មិនប្រកាន់ស្តាំ៩% , ប្រជែងគ្រោះថ្នាក់៨% , បត់គ្រោះថ្នាក់៨% , ស្រវឹង៤% , កត្តាយាន៤% និងកត្តាផ្សេងៗ ៤%។
ទន្ទឹមនឹងនេះលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ សមត្ថកិច្ចបានពិន័យយានយន្ដល្មើសច្បាប់សរុប ចំនួន ១១៦ ៣០៨គ្រឿង (១១៦ ៧២១ករណី) ដែលក្នុងនោះរួមមាន ៖ ទោចក្រយានយន្ត ត្រីចក្រយានយន្តចំនួន ៨១ ៩៨៧គ្រឿង (៨១ ៩៩៨ករណី) ស្មើ៧០% និងរថយន្តចំនួន ៣៤ ៣២១គ្រឿង (៣៤ ៧២៣ករណី) ក្នុងនោះធុនធ្ងន់ ១ ៥០៣គ្រឿង (១ ៥៥៨ករណី) ស្មើ៣០%៕
