កំពង់ធំ: នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពការងារ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តម សេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនដល់កងកម្លាំងចម្រុះដែលប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការបរិស្ថានព្រះអាទិត្យ ឃុំមានរឹទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក លី ស្រេង ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថាន ខេត្តកំពង់ធំ និងជាប្រធានទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរអាចម៍ដែក បានឡើងរាយការណ៍បញ្ជាក់ថា ក្នុងរយៈពេលជាង៩ខែកន្លងទៅនេះ កងកម្លាំងចម្រុះប្រចាំការនៅទីបញ្ជាការស្រាលក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតំបន់អូរអាចម៍ដែក ជាប់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តស្ទឹងត្រែង និងកម្លាំងស្ថាប័នបរិស្ថានប្រចាំការនៅទីស្នាក់ការបរិស្ថានព្រះអាទិត្យ បានខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ និងបង្ក្រាបមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើកម្មសិទ្ធិបានឡើយ ហើយបានរកឃើញ និងគ្រប់គ្រង ផ្ទៃដៅដែលក្រុមជនល្មើសលួចកាប់ទន្ទ្រានមុនពេលកងកម្លាំងចម្រុះចេញធ្វើសកម្មភាពនាពេលកន្លងទៅមិនឲ្យបាត់បង់ទៅវិញ នឹងបានធ្វើការដាំដេីមឈេីឡេីងវិញ បានជាងមួយមុឺនដេីម ដើម្បីរក្សាទុកជាដីព្រៃរបស់រដ្ឋ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ដោយគ្មានការកាប់ទន្ទ្រានព្រៃឈេីយកដីរដ្ឋធ្វើកម្មសិទ្ធិជាថ្មីទៀតបានឡើយ។ ហើយបច្ចុប្បន្នកងកម្លាំងចម្រុះកំពុងបន្តសកម្មភាពយ៉ាងមមាញឹកក្នុងការល្បាតធ្វើសកម្មភាពមិនឲ្យមានបទល្មើសកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិកើតមានឡើងជាថ្មីទៀត ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដោយបានបញ្ជាក់ថា ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានជោគជ័យ គួរជាទីមោទនៈ ។ ជាមួយនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយនូវបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ ដែលបានចេញបទបញ្ជាយ៉ាងមុឺងម៉ាត់ដល់យោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹម ដាច់ខាតមិនឱ្យមានបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទកើតមានឡើងជាថ្មីទៀតបានឡើយ។ កងយោធពលខេមរភូមិន្ទ ត្រូវតែស្មោះត្រង់ក្នុងភារកិច្ចរបស់ខ្លួន ដោយមិនត្រូវចូលរួមឃុបឃិតជាមួយជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ជាដាច់ខាត។ ក្នុងករណីមានយោធិនណាម្នាក់ប្រព្រឹត្តផ្ទុយពីបទបញ្ជានេះ ត្រូវទទួលវិន័យតាមច្បាប់ លក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ដោយគ្មានការលើកលែងឡើយ។

នៅក្នុងឱកាសនេះ កងកម្លំាងចម្រុះទាំងអស់បានប្តេជ្ញាចិត្តដាច់ខាតគោរពប្រតិបត្តិឲ្យបានមុឺងម៉ាត់ តាមបទបញ្ជារបស់ឯកឧត្តមនាយឧត្ដមសេនីយ៍អគ្គ មេបញ្ជា ការ នៃកងយោធពលខេមរភូមិន្ទ និងការណែនាំរបស់ឧត្តមសេនីយ៍ សោម ស៊ុន មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ៕ដោយ សំនៀង
