ព័ត៌មានជាតិ

សម្តេចបវរធិបតី ៖ ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួន បានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និងគុណតម្លៃ មិនអាចកាត់ថ្លៃបាន នៃថ្ងៃរំដោះ ៧ មករា ១៩៧៩។

នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធិជ្រុលនិយម គឺជាសត្រូវនៃភាពសុខដុមរមនា និង សន្តិសហវិជ្ជមាន នៅក្នុងសង្គម។ ជាក់ស្ដែង គ្មានសង្គមណាមួយ ដែលមានភាពបរិសុទ្ធឥតខ្ចោះនៃជាតិសាសន៍ និង សាសនា នោះទេ ហើយសង្គមដែលទាមទារភាពបរិសុទ្ធបែបនេះ គឺតែងតែនាំមក នូវសោកនាដកម្ម, ការធ្វើទុក្ខបុកម្នេញ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ជាក់ស្ដែងក្រុមប្រឆាំងជ្រុលនិយម ព្រោះតែមហិច្ឆតានយោបាយរបស់ខ្លួនបានបរិហារដោយបំពានលើតថភាព ប្រវត្តិសាស្ត្រ និង គុណតម្លៃ មិនអាចកាត់ថ្លៃបាននៃ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលជាថ្ងៃកំណើតទី ២ របស់ ប្រជាជនកម្ពុជាទូទាំងប្រទេស បូករួមទាំងបងប្អូនខ្មែរឥស្លាមផងដែរ»។

សម្តេចបវរធិបតី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំង ក្រុមធ្វើនយោបាយប្រឆាំងជ្រុលនិយមមួយចំនួន ដែលបន្តបដិសេធព្រឹត្តិការណ៍សម្លាប់រង្គាលនេះ, រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្ទាន់តាមរយៈការបង្កើតច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើង ក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម។

សម្ដេច នាយករដ្ឋមន្ដ្រី បានលើកឡើងទៀតថា ដូច្នេះការជំរុញសុខដុមនីយកម្មជាតិសាសន៍ និង សាសនា ត្រូវមានការចូលរួមពីប្រជាជនគ្រប់ស្រទាប់ទាំងអស់ មិនមែនរាជរដ្ឋាភិបាល អាចធ្វើឡើងតែម្នាក់ឯងនោះឡើយ។ សម្ដេច ថា ការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងបានត្រឹមត្រូវ និងការចូលរួមសហការជំរុញ កិច្ចសន្ទនាអន្តរសាសនា ដោយគ្មានរើសអើង ដោយគ្មានលទ្ធិជ្រុលនិយម គឺជាកត្តាគាំទ្រដ៏សំខាន់ សម្រាប់ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលធានា ភាពសុខដុមរមនា និង សន្តិសហវិជ្ជមានរបស់សង្គមដែលមានភាពចម្រុះ៕

To Top