ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជើញបិទសន្និបាត​ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCIC ជ្រោយចង្វារ។

វិស័យទេសចរណ៍ជាវិស័យអាទិភាព និងជាចន្ទល់សេដ្ឋកិច្ចដ៏សំខាន់​ ក្នុងការចូលរួមអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ, បង្កើនប្រាក់ចំណូលជូនប្រជាជនដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង, ទ្រទ្រង់កំណើនសេដ្ឋកិច្ច, បង្កើនចំណូលជាតិ, ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិរបស់យើង ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

វិស័យទេសចរណ៍ ជាវិស័យដែលមានភាពប្រទាក់ក្រឡា ដែលត្រូវការចូលរួមយ៉ាងជិតស្និទ្ធពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ដោយឈរលើ «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» ស្របតាមទិសស្លោក «ទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នា ដើម្បីទេសចរណ៍»។

យោងស្ថិតិទេសចរណ៍នៅឆ្នាំ២០២៤ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរ ជាតិសរុប ៦.៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិ ប្រមាណ ២២.៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។ ក្រសួងទេសចរណ៍ បានវាយតម្លៃខ្ពស់ ពីការចូលរួមរបស់វិស័យទេសចរណ៍ ទៅក្នុងសេដ្ឋកិច្ចជាតិ ក្នុងនោះ ឆ្នាំ២០២៣ ចំណូលទេសចរណ៍អន្តរជាតិ មានចំនួន ៣.០៨៣លានដុល្លារអាមេរិក និងក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិ មានចំនួន ៣.៦៣៧លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ៩.៤% នៃផលិតផលក្នុងស្រុកសរុប បន្ថែមលើនេះ តាមការព្យាករណ៍ ក្នុងឆ្នាំ២០២៥ ចំណូលទេសចរណ៍អន្តរជាតិ មានចំនួន ៥.១០០លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ១០.៥% នៃផលិតផលក្នុងស្រុកសរុប៕

To Top