ព័ត៌មានជាតិ

សម្តេចធិបតី៖ ការផ្សព្វផ្សាយពីទេសចរណ៍កម្ពុជា មិនចាំបាច់ល្អឥតខ្ចោះនោះទេ តែសូមផ្សាយ​ចំណុចល្អ និងផលវិជ្ជមានឱ្យបានច្រើន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា ឱ្យរួមគ្នាចូលរួមផ្សព្វផ្សាយឱ្យបានច្រើន ចំពោះវិស័យទេសចរណ៍របស់កម្ពុជា ដោយមិនចាំបាច់ផ្សាយកន្លែងណាល្អឥតខ្ចោះនោះទេ គ្រាន់តែជ្រើសរើសចំណុចណាដែលត្រូវផ្សាយ ហើយផ្សាយឱ្យបានល្អ និងផលវិជ្ជមានឱ្យបានច្រើនក៏បានដែរ ។

ថ្លែងក្នុងឱកាសបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅមណ្ឌលសន្និបាត និងពិព័រណ៍ OCICជ្រោយចង្វារ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គ្រប់គ្នាសុទ្ធតែជាភ្នាក់ងារក្នុងការផ្សព្វផ្សាយ អំពីសក្តានុពលទេសចរណ៍របស់កម្ពុជា តាមរយៈការចូលរួមពីម្នាក់ៗ ស្របតាមទិសស្លោក «ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់» ដែលក្រសួងទេសចរណ៍ បានលើកឡើងក្នុងសន្និបាត ។

ក្នុងនោះ សម្តេចធិបតី ក៏បានរំលឹក នូវការផ្សព្វផ្សាយតាមរយៈខ្សែភាពយ​ន្តមួយចំនួន បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ដែលនេះជាអ្វីដែលត្រូវឆ្លើយតប តាមរយៈការផ្សព្វផ្សាយទៅវិញឱ្យបានទូលំទូលាយ ក្នុងរូបភាពវិជ្ជមានទៅវិញ ។

សម្តេចធិបតី មានប្រសាសន៍ថា “ការផ្សព្វផ្សាយ ដូចខ្ញុំនិយាយចឹង គឺថាមិនមែនកន្លែងណាល្អឥតខ្ចោះនោះទេ ប៉ុន្តែអាស្រ័យទៅលើ​ យើងរើសចំណុចណាដែលត្រូវផ្សាយ ហើយសូមផ្សព្វផ្សយ​ឱ្យបានល្អ វិជ្ជមានឱ្យបានច្រើន ផ្សព្វផ្សាយឱ្យបានគ្រប់បែបយ៉ាង ទេសចរណ៍មិនចាំបាច់ទាល់តែផ្សាយ អំពីតំបន់ទេសចរណ៍នោះទេ ផ្សាយតែអំពីវប្បធម៌ អំពីភាពល្អរបស់ប្រជាជនយើង ក៏ជាកត្តាទាក់ទាញទៅហើយ ព្រោះទេសចរណ៍ មិនអាចគ្រាន់តែថា មានហេដ្ឋារចនាសម្ព័ន្ធល្អ សេវាមិនល្អ គ្មានសុវត្ថិភាពនោះទេ គឺផ្សាយតែប៉ុណ្ណឹងគឺគេមក​ មុននឹងទៅគឺគេមើលសិន កន្លែងណាយ៉ាងមិច បើឃើញមនុស្សសប្បាយ មនុស្សសរសើរគេមក” ៕

To Top