ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងប្រកាសថា កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស នោះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាទាំងនេះ។
នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញក្រសួងទេសចរណ៍ និងក្រសួងការបរទេស លើកកម្ពស់ការទូតទេសចរណ៍ និងស្នើមន្ត្រីការទូត បន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ចំពោះការទូតទេសចរណ៍ ខ្ញុំលើកទឹកចិត្តជំរុញសកម្មភាពការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និត ក្នុងការការងារនេះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ ឯកឧត្តម-លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា ក៏ដូចជា ឯកឧត្តម-លោកជំទាវ អគ្គរាជទូត ប្រចាំបរទេស សូមជួយផ្សព្វផ្សាយកិត្តិនាមកម្ពុជា អំពីគោលដៅទេសចរណ៍កម្ពុជា អំពីបញ្ហាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ»។
សម្តេចបវរធិបតី បន្ដថា ប្រទេសកម្ពុជា មានចំណុចវិជ្ជមានច្រើន ហើយចំណុចអវិជ្ជមាន គឺមានតិចតួចដែលរាជរដ្ឋាភិបាលប្រឹងប្រែងទប់ស្កាត់ ដោះស្រាយ និងបង្ក្រាបជានិច្ច។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «កម្ពុជា មិនមែនជាគោលដៅចាប់ជំរិត ដូចការផ្សព្វផ្សាយ រឿងឧក្រិដ្ឋកម្ម ឬអនឡាញ ជួញដូរមនុស្ស ដូចការផ្សព្វផ្សាយព័ត៌មានមួយចំនួនទេ។ រាជរដ្ឋាភិបាលកម្ពុជា មានការប្រុងប្រយ័ត្នខ្ពស់ បូរ៉េសកម្ម និងចាត់វិធានការមានការម៉ឺងម៉ាត់ មិនឱ្យកម្ពុជា ក្លាយជាគោលដៅសម្រាប់សកម្មភាព ខ្មៅងងឹតនោះទេ។ ថា យើងអត់មានបញ្ហា យើងមានបញ្ហា ប៉ុន្ដែយើងចាត់វិធានការជាបន្ដបន្ទាប់»។
ឆ្លៀតឱកាសនោះដែរ សម្តេច នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អ្នកបង្កើតមាតិកា យុវជន តារាសម្ដែង និង បណ្ដាញសារព័ត៌មាន បន្តចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ របស់កម្ពុជាទៅកាន់ពិភពលោក។ ជាមួយគ្នានោះ សម្តេច បានសម្ដែងការអរគុណ ដល់ប្រជាពលរដ្ឋដែលបានចូលរួមផ្សព្វផ្សាយ ពីវប្បធម៌ប្រពៃណីជាតិខ្មែរ និងតំបន់ទេសចរណ៍កម្ពុជា៕
