ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ សុខភាពស្រ្តី ជារឿងសំខាន់ដែលជាកម្លាំងចលករមិនអាចខ្វះបាន

ភ្នំពេញ ៖ លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា «សុខភាព និងសុខុមាលភាពស្រ្តី ជារឿងសំខាន់ ដែលជាកម្លាំងចលករមួយមិនអាចខ្វះបាន»។

លោកសាស្រ្តាចារ្យ ឈាង រ៉ាបានលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” នាថ្ងៃ២៧ កុម្ភៈថា លទ្ធផលនៃគម្រោងស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យសុខាភិបាល និងសុខុមាលភាពរបស់ស្រ្តី” ពិតជាបានបង្ហាញជាភស្តុតាង នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្ត្រីនៅកម្ពុជា។

លោកថា តាមរយៈការផ្តល់ពិន្ទុលើសូចនាករសំខាន់ៗ ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ស្រ្តី ដែលរួមមានអត្រាកាត់បន្ថយអំពើហិង្សាផ្លូវកាយ ផ្លូវចិត្ត ឬផ្លូវភេទទៅលើស្រ្តី អត្រានៃការឆ្លងនៃជំងឺអេដស៍ អត្រាការប្រើប្រាស់សេវានៃការថែទាំមុនពេលសម្រាល និងសូចនាករគន្លឹះផ្សេងៗទៀត បង្ហាញច្បាស់ពីភាពរីកចម្រើនរបស់កម្ពុជា លើវិស័យសុខាភិបាល ក៏ដូចវិស័យផ្សេងៗទៀត ដោយកម្ពុជាទទួលបានលទ្ធផលល្អលើវិមាត្រសុខភាព ការប្រើប្រាស់សេវា និងវិមាត្រអាហាររូបត្ថម្ភ បើប្រៀបធៀបទៅនឹងប្រទេសនានា នៅតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងប្រទេសជុំវិញតំបន់ប៉ាស៊ីហ្វិក។

សាស្រ្តាចារ្យរដ្ឋមន្រ្តីគូសបញ្ជាក់ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់លើការគាំពារសង្គម ប្រកបដោយសមធម៌ និងស្មើសិទ្ធ ដោយផ្តោតលើការកសាងភាពធន់ និងរក្សាភាពទន់ភ្លន់ សំដៅរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន សំដៅធានាថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងស្តី្រ និងកុមារ ទទួលបាននូវសេវាសុខាភិបាល ពេញលេញ ប្រកបដោយគុណភាព ក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ និងមិនមានការរើសអើង។

ទន្ទឹមនឹងនេះដែរ ក៏មានកត្តាប្រឈមមួយចំនួន លើការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី ដែលតម្រូវឱ្យត្រូវបន្តខិតខំបន្ថែមទៀត។ ដើម្បីចូលរួមជាធាតុចូល ក្នុងដំណោះស្រាយទាំងក្នុងពេលបន្ទាន់ និងក្នុងពេលវែងទៅមុខ រដ្ឋមន្រ្តីផ្តល់ជាអនុសាសន៍ដូចជា ៖ បន្តធ្វើការសិក្សាជាសកលស្វែងយល់ អំពីកត្តាជោគជ័យ និងបរាជ័យពីប្រទេសផ្សេងៗ ដើម្បីយកបទពិសោធន៍ទាំងនោះ មករៀបចំយុទ្ធសាស្រ្ត ឱ្យស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា , បន្តពង្រឹងយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទំនាក់ទំនងឱ្យបានច្បាស់លាស់ និងមានគោលដៅជាក់ នូវរាល់គោលដៅគោលនយោបាយ , ជំរុញបន្ថែម ក្នុងការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការលើកកំពស់គុណភាព នៃការផ្តល់សេវាសាធារណៈ , បង្កើនការចុះផ្ទាល់ដល់សហគមន៍ និងអូសទាញការចូលរួមរបស់សហគមន៍ ដើម្បីជំរុញការផ្តល់ធនធានគ្រប់គ្រាន់ ជាពិសេសសម្រាប់សហគមន៍ និងស្ត្រីនៅតំបន់ដាច់ស្រយាល , ពង្រឹងប្រព័ន្ធរាយការណ៍ និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព តាមរយៈការពង្រឹងយន្តការតាមដាន និងរាយការណ៍ជាប្រព័ន្ធ ដើម្បីកំណត់អត្តសញ្ញាណ និងដោះស្រាយរាល់ឧបសគ្គ ក្នុងការអនុវត្តឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

ក្នុងឱកាសនោះដែរ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានសំដែងនូវការអបអរសាទរ ដែលប្រទេសកម្ពុជាទទួលបានលទ្ធផលល្អក្នុងវិស័យសុខភាព និងសុខុមាលភាពរបស់ស្រ្តី ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់ និងត្រូវបានជ្រើសរើសជាប្រទេសគំរូ ក្នុងគម្រោងស្រាវជ្រាវ។ លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការអនុវត្តសិទ្ធ ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពស្រ្តី និងក្មេងស្រីគ្រប់រូបនៅកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច ការលើកកម្ពស់សុខុមាលភាព និងភាពធន់របស់សង្គម និងការពង្រឹងអភិបាលកិច្ចល្អប្រកបដោយបរិយាបន្ន និងចីរភាព៕

To Top