ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានស្នើសុំពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការអនុវត្តគម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា ។
ការស្នើនេះធ្វើឡើងក្នុងឱកាស លោកបណ្ឌិត កៅ ថាច ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។ ជំនួបនេះដែរធ្វើឡើងក្នុងឱកាស លោកបណ្ឌិតចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ។
ក្នុងជំនួបនោះដែរ, លោកបណ្ឌិត ក៏បាន គូសរំលេច អំពី បេសកកម្មសំខាន់ៗ របស់ធនាគារ ARDB ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់ IFAD ដែលមាននៅកម្ពុជា ។
បន្ថែមលើនេះ, លោកបណ្ឌិត ក៏បាន ស្នើសុំដល់ភាគី IFAD បន្ត ជួយគាំទ្រដល់បេសកកម្មរបស់ ធនាគារ ARDB និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ អោយកាន់តែមានប្រសិទ្ធភាពខ្ពស់ លើការ អនុវត្ត គម្រោង ហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន ៕



