ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ឲ្យអ្នកបង្កើតមាតិកាបញ្ឈប់ជាបន្ទាន់ការ Prank បំពានសីលធម៌និងសិទ្ធិអ្នកដទៃ

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានស្នើឲ្យអ្នកផលិតមាតិកាផ្សព្វផ្សាយ តាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម បញ្ឈប់ជាបន្ទាន់ការយកវិធីសាស្ត្រលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលដាច់ ឬទាក់ទាញការចាប់អារម្មណ៍ ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងបំពានសីលធម៌ និងសិទ្ធិរបស់អ្នកដទៃ ។

ការបង្កើតវិធីសាស្ត្រលេងសើច (Prank) នេះ មិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិតាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ និងការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឲ្យមានការយល់ច្រឡំ និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល។ នេះបើតាមលិខិតរបស់ក្រសួងនាថ្ងៃ២៨ កុម្ភៈ ។

ការលើកឡើងរបស់ក្រសួងនេះ បន្ទាប់ពីស្រ្តីវ័យក្មេងឈ្មោះ “កាកា” ជាអ្នកបង្កើតមាតិកាម្នាក់ក្នុងចំណោមអ្នកផ្សេងទៀត បានធ្វើសកម្មភាព Prank លើក្មេងស្រីលក់សណ្តែកដី នៅឆ្នេរសមុទ្រខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ដោយយកសណ្តែកដីរបស់ក្មេងស្រី នៅក្នុងកញ្ច្រែងធ្វើឲ្យកំពប់លើដី ហើយក្មេងឡើងរលីងរលោងទឹកភ្នែក ថែមទាំងស្តីបន្ទោសឲ្យគ្នាថែមទៀត ។ ក្រោយហេតុការណ៍នេះ មានអ្នកពេញចិត្តលើអ្នកបង្កើតមាតិកាឈ្មោះ កាកា យ៉ាងចាស់ដៃ។

ករណីនេះក្រសួងព័ត៌មានបានកត់សម្គាល់ឃើញថា “អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និង ផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម” ។

ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឲ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួន ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។

ក្រសួងបញ្ជាក់ថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នក ដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្ដឹង របស់អ្នកដែលទទួលរងផលប៉ះពាល់៕

To Top