ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ២ខែដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរទទួលបានប្រាក់ចំណូលចំនួន ១៣ ១៦៧ ៧៧៨ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកេរ និងកំពង់ផែចុងឃ្នៀស ជូនភ្ញៀវទេសចរបរទេសចំនួន ២៧៩ ៦០៤នាក់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ប្រាក់ចំណូលដែលទទួលបានចំនួន ១៣,១៦៧,៧៧៨ដុល្លារ ក្នុងរយៈពេល ២ ខែដើមឆ្នាំនេះ គឺកើនឡើង១៧.២១ភាគរយ បើប្រៀបធៀបរយៈដូចគ្នា នឹងឆ្នាំ២០២៤។
បើតាមគ្រឹះស្ថានអង្គរ ប្រាក់ចំណូលចំនួន ៥៥៩,២០៨ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជា គិតត្រឹមរយៈពេល២ខែដូចគ្នា។
ជាមួយគ្នានេះ រយៈពេល ២ខែដើមឆ្នាំ២០២៥ដូចគ្នា គ្រឹះស្ថានអង្គរទទួលបបានចំណូលពីការលក់សំបុត្រ នៅប្រាសាទបេងមាលាចំនួន ៣៧,១១០ដុល្លារ ភ្នំក្បាលស្ពាន ១,៦៩០ដុល្លារ និងចំណូលពីលក់សំបុត្រទូក ២៤០,១៤៣ដុល្លារផងដែរ៕
