ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួង មុខងារសាធារណៈ បានលើកឡើងថា អ្នកដឹកនាំជំនាន់ មុនរកបានដោយលំបាក នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ អ្នកជំនាន់ក្រោយមាន កាតព្វកិច្ចបន្តថែរក្សាសន្តិភាព

ក្នុងឱកាសនៃពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ ស្ថិតក្នុងភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ លោកឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានរម្លឹកដល់សមិទ្ធផលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការលះបង់ របស់អ្នកជំនាន់មុន ដោយលោក បានថ្លែងថា «ភាពសម្បូរសប្បាយ របស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផល នៃការលះបង់ មិនអាចកាត់ថ្លៃបាន របស់វីរជនជំនាន់មុន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងការប្រថុយប្រថាន យកជីវិតធ្វើជាដើមទុន ក្នុងបុព្វហេតុសន្តិភាព ដែលយើងមានសព្វថ្ងៃ»។
លោកបានបន្តទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាន នូវការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិ របស់អ្នកជំនាន់មុន ជាពិសេស សម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ ជីវិតធ្វើជាដើមទុន ក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ពោលគឺ សម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះ!ឈ្នះ! រហូតនាំមកជូនជាតិ និងប្រជាជន នូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍ ជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានគូសរំលេចថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោម បេសកកម្មធំៗចំនួន២ នៅក្នុងជីវិត របស់សម្ដេចតេជោ គឺទី១៖ មិនឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា ដូចអតីតកាល ជាពិសេសដូចជា របបប្រល័យពូជសាសន៍ ប៉ុល ពត និងទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ ប្រទេសជាតិឥតឈប់ឈរ ៕
