ភ្នំពេញ៖ លោកសាស្ត្រាចារ្យឈាង រ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ការព្យាបាលដែលមានជាពហុជំនាញ ដែលពីមុនមាននៅត្រឹមថ្នាក់ជាតិនោះ នៅបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលបាននិងកំពុងជំរុញឱ្យមានសេវាព្យាបាល ជាពហុជំនាញ ទៅដល់ខេត្ត និងទៅដល់ស្រុកតែម្តង ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីសន្និសីទក្រសួងសុខាភិបាលលើកទី៤៤ នាថ្ងៃ៣ មីនា លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងសុខាភិបាល បានខិតខំធ្វើការជាច្រើន ដើម្បីរកធនធានយកមកប្រើប្រាស់ ក្នុងការពង្រឹងសុខាភាពបឋម ដោយបានចាប់ផ្តើម ពីចុងឆ្នាំ២០២៣ មិនថាការរៀបចំ ធ្វើជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍សម្ភារៈនោះ គឺបានខិតខំរកគ្រប់មធ្យោបាយ ដើម្បីពង្រឹងប្រព័ន្ធដឹកជញ្ជូនអ្នកជំងឺពីមណ្ឌលសុខភាពស្រុក មន្ទីរពេទ្យខេត្ត មកកាន់សេវាសុខាភិបាលនៅថ្នាក់ជាតិ។
លោកសាស្ត្រាចារ្យឈាង រ៉ា មានប្រសាសន៍ថា “ចំណុចមួយទៀត គឺថា យើងពង្រឹងប្រព័ន្ធ បញ្ជូនរបស់យើង នៅពីបណ្តាមណ្ឌលសុខភាពមកមន្ទីរពេទ្យខេត្តបង្អែកនេះ គឺថា ទាំងស្រុកទាំងខេត្តនេះ ដែលយើងត្រូវធ្វើយ៉ាងម៉េច នៅស្រុកនៅខេត្ត ត្រូវឱ្យមាន ពហុជំនាញ ដែលពហុជំនាញនេះ ពីដើមឡើយយើងមានតែនៅក្នុងកម្រិតជាតិទេ ឥឡូវនឹងគឺថា យើងជំរុញចែករំលែក ពហុជំនាញនេះ ឱ្យទៅដល់ខេត្ត ហើយនិងស្រុក មិនមែនថា មនុស្សបែបថ្មីចេញពីសាលានោះទេសុទ្ធទាំងអស់ទេ តែយើងបង្រៀនអ្នកដែលធ្វើការ ហើយ អ្នកដែលកំពុងធ្វើការ បណ្តុះបណ្តាលអ្នកដែលកំពុងធ្វើការហើយ ឱ្យមានពហុជំនាញ”។
ក្នុងនោះ លោករដ្ឋមន្រ្តី ឈាង រ៉ា បានគូសបញ្ជាក់ថា ដើម្បីធ្វើឱ្យប្រសើរ ក្រសួងសុខាភិបាល បានខិតខំបណ្តុះបណ្តាល លើផ្នែកសុខភាពបឋម ក៏ដូចជាកិច្ចការមួយចំនួន នៅក្នុងមណ្ឌលសុខភាព ដែលសុទ្ធតែទាម ទារបណ្តុះបណ្តាល ទាំងផ្នែកបច្ចេកទេសផង និងផ្នែកដឹកនាំផង ដែលកិច្ចការទាំងនេះ បានហុចផលជាវិជ្ជមានមកវិញជាបណ្តើរៗ តាមរយៈការងាកមកប្រើប្រាស់ សេវាសុខាភិបាលសាធារណៈ ពីសំណាក់ប្រជាពលរដ្ឋ ៕
