ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វិបត្តិជំងឺកូវីដ១៩ បានបន្សល់ស្លាកស្នាម និងបន្ទូចបង្អាក់ ដល់ល្បឿននៃការវិវត្តរបស់សង្គមជាតិ ខណៈដែល កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតនៅអន្តរកាលនៃពហុវិបត្តិ ។
ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថា ក្នុងសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្តកំណើនមានគុណភាព រយៈពេលវែងក្នុងបរិការណ៍ ដែលមានភាពមិនច្បាស់លាស់» នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា អាចសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់អត្រាប្រចាំឆ្នាំ ប្រមាណ ៦,៤% នៅទសវត្សរ៍ខាងមុខ ក្នុងករណីដែលមានការរៀបចំ គោលនយោបាយជាក់លាក់ ចំៗ និងជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធិភាព ។
ទោះជាយ៉ាងណាក៏ដោយ សម្តេចធិបតី កត់សម្គាល់ឃើញថា បើទោះជាសេដ្ឋកិច្ចកម្ពុជា បានវិលត្រឡប់ទៅរកកំណើនសក្តានុពលក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ១៩ បានបន្សល់ស្លាកស្នាម និងបន្ទូចបង្អាក់ ដល់ល្បឿននៃការវិវត្តរបស់សង្គមជាតិជារួម ខណៈដែលប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតនៅអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង វិបត្តិមួយទៀតបានកើតឡើង សង្គ្រាមមួយមិនទាន់បានបិទបញ្ចប់ផង សង្គ្រាមមួយទៀត បានកើតឡើង ។
សម្តេចធិបតី មានប្រសាសន៍ថា “ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានឡើងកាន់តែច្រើនឡើងៗ ដែលរួមមាន ទី១ ការកើនឡើងគោលនយោបាយគាំពារសង្គម និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែកើតមាន ក្នុងរយៈពេលថ្មីៗនេះ និងកំពុងតែចេញជារូបរាងជាបន្តបន្ទាប់ ។ ទី២ ភាពតានតឹង នៃកត្តាភូមិសាស្ត្រសេដ្ឋកិច្ច ដែលអាចបន្ទុចបង្អាក់ ដល់ចង្វាក់ផ្គត់ផ្គង់សកល និងនាំដល់ការកើនឡើង នៃថ្លៃទំនិញជាអន្តរជាតិ ។ ទី៣ ការបែកខ្ញែកភូមិសាស្ត្រសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងទី៤ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ” ។
បន្ថែមលើនេះ សម្តេចធិបតី យល់ឃើញថា អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនិងបង្កជាកម្មវិបាកទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងផ្ទាល់និងប្រយោល ដល់សេដ្ឋកិច្ចនិងសង្គមកម្ពុជាផងដែរ៕
