បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Mike Waltz បានព្រមានលោក វ្លាឌីមៀ ហ្សេលេនស្គី របស់ប្រទេសអ៊ុយក្រែនកុំឱ្យសាកល្បង ដែនកំណត់នៃភាពអត់ធ្មត់ ជំនួយហិរញ្ញវត្ថុ និងធនធានយោធារបស់អាមេរិក ដោយលើកហេតុផលថា ឥឡូវនេះជាពេលវេលាដើម្បីផ្លាស់ប្តូរឆ្ពោះទៅរកការចរចា ជាជាងការអូសបន្លាយជម្លោះជាមួយរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Waltz បាននិយាយនៅលើ Fox News កាលពីថ្ងៃច័ន្ទថា ពេលវេលាមិនស្ថិតនៅលើផ្នែកនៃ ការបន្តជម្លោះនេះជារៀងរហូតនោះទេ។ “[លោក ហ្សេលេនស្គី] មិនទាន់ត្រៀមខ្លួនដើម្បីនិយាយសន្តិភាពទាល់តែសោះ។ នេះជាបញ្ហា នេះជាពេលវេលាមិននៅខាងគាត់ នោះទេ។
ដំណើរទស្សនកិច្ចរបស់ លោក ហ្សេលេនស្គី ទៅកាន់សេតវិមានកាលពីថ្ងៃសុក្រសប្តាហ៍មុន ត្រូវបានកាត់ភ្លាមៗបន្ទាប់ពីការប៉ះទង្គិចពាក្យសម្តីគ្នា ដ៏ក្តៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ត្រាំ និងអនុប្រធានាធិបតី J.D. Vance នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
ក្នុងអំឡុងពេលនៃការប្រកួតស្រែកនោះ មេដឹកនាំអ៊ុយក្រែនបានច្រានចោលម្តងទៀត នូវលទ្ធភាពនៃកិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ ទាមទារការធានាសន្តិសុខពីទីក្រុងវ៉ាស៊ីនតោន បដិសេធមិនទទួលស្គាល់ថា កងកម្លាំងរបស់ទីក្រុងគៀវកំពុងជួបប្រទះ នឹងការខ្វះខាតកម្លាំងពលកម្ម ហើយបញ្ជាក់ថា លោក Vance មិនអាចដឹងអ្វីអំពីបញ្ហារបស់ប្រទេសរបស់គាត់បានទេ ដោយសារគាត់មិនដែលនៅទីនោះ៕
ប្រែសម្រួលៈ ណៃ តុលា
