ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។
នាឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ (Cambodia-ASEAN Business Summit 2025) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO), កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាន នូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។ ក្នុងភាពជា-ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន, កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លាភាព។
សម្តេចបវរធិបតី បន្ដថា «យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និង អាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ។កម្ពុជា ក៏បាននិងកំពុងរៀបចំយ៉ាងសកម្ម នូវកិច្ចប្រជុំកំពូលធុរកិច្ច ដូចព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ដើម្បីផ្តល់ឱកាសសហការដ៏មានតម្លៃ។ អភិក្រម ប្រកបដោយជវភាពនេះ បញ្ជាក់ពីការយកចិត្តទុកដាក់របស់យើង លើការពង្រឹងទំនាក់ទំនងក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ច ប្រកបដោយភាពប្រទាក់ក្រឡា និងភាពគ្រប់ជ្រុង-ជ្រោយ។ នៅក្នុងទិដ្ឋភាពធុរកិច្ចរបស់កម្ពុជា, យើងផ្តល់តម្លៃខ្ពស់ ចំពោះថាមពលនៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិនិយោគិន ទាំងក្នុងស្រុក និងក្រៅស្រុក ។ យើងផ្តល់អាទិភាពដល់កិច្ចសន្ទនាបើកចំហ និងការជំរុញបរិយាកាសឆ្លើយតប ប្រកបដោយជវភាព ដោយរៀបចំជាទៀងទាត់នូវ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីដោះស្រាយបញ្ហា និងកង្វល់ចម្បងៗរបស់វិស័យឯកជន»។
សម្តេចបវរធិបតី បានរំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ សម្តេច បានធ្វើជាអធិបតីដោយផ្ទាល់នៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដោយរាជរដ្ឋាភិបាលបានដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់វិស័យឯកជន ក្នុងវិស័យសំខាន់ៗជាច្រើន ដែលមួយក្នុងចំណោមនោះ គឺការកែទម្រង់ពន្ធដារ ប្រកបដោយមហិច្ឆតា។
សម្តេចបវរធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ខ្ញុំ សូមជម្រាបជូនថារាជរដ្ឋាភិបាល បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយបន្ទុករបស់វិស័យឯកជន ដោយបានដាក់ចេញនូវវិធានការកែទម្រង់ជាច្រើន។ ដើម្បីអនុវត្តការងារនេះ ឱ្យបានទៀងទាត់ និងគ្រប់ជ្រុងជ្រោយ, ថ្មីៗនេះ, រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួង ដែលមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាង៣០ស្ថាប័ន ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា»។
លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានគាំទ្រដល់ធុរកិច្ច ផ្តល់ជូននូវការលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ ដោយផ្អែកលើ ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងការអនុគ្រោះពន្ធរហូតដល់១៥ឆ្នាំ សម្រាប់វិស័យអាទិភាព ។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងបណ្តាខេត្តនៅភូមិភាគឦសាន ដោយផ្តល់ជូននូវការលើកទឹកចិត្តពិសេស លើសពីច្បាប់ស្តីពីវិនិយោគ ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដ៏ទូលំទូលាយដល់យុវជនចំនួន ១,៥ លាននាក់ ដើម្បីបំពេញតម្រូវការរបស់វិស័យឯកជន សម្រាប់ទសវត្សរ៍ខាងមុខ៕
