ព័ត៌មានជាតិ

សម្តេចធិបតី៖ កម្ពុជា ប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និង តម្លាភាព ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥​ ក្រោមប្រធានបទ “ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម” ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត ស្របតាមមូលបទក្នុងថ្ងៃនេះ កម្ពុជា បាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្ត​ លើបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន, កំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋានអន្តរជាតិ, និងមជ្ឈមណ្ឌលភស្តុភារកម្ម ។

ក្នុងឱកាសនោះដែរ សម្តេចធិបតី មានប្រសាសន៍ថា “ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និង តម្លាភាព ។ កម្ពុជា ផ្តោតលើការសម្រេចបាននូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម” ។

សន្ថែមលើនេះ ក្នុងភាពជាដៃគូជិតស្និទ្ធ ជាមួយប្រទេសជិតខាងអាស៊ាន សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម, សម្រួលនីតិវិធីគយ, សម្រួលនីតិវិធីចុះបញ្ជីអាជីវកម្ម, និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លា-ភាព ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្ថែមថា “យើងក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប, សហរដ្ឋអាម៉េរិក, ចិន, កូរ៉េ និងអាមីរ៉ាតអារ៉ាប់រួម ប្រកបដោយការអនុគ្រោះ”៕

To Top