ភ្នំពេញ៖ ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ Emirates ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេលើពិភពលោក មានសុទិដ្ឋិនិយមចំពោះការបន្ថែមផ្លូវហោះហើរថ្មីរវាង អេមីរ៉េត អារ៉ាប់រួម និងខេត្តសៀមរាប នេះបើយោងតាមក្រុមប្រតិបត្តិរបស់ក្រុមហ៊ុនអាកាសចរណ៍នេះដែលមានមូលដ្ឋាននៅប្រទេសកម្ពុជា។
យោងតាមលោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានឱ្យដឹងថា ការបន្ថែមចុងក្រោយលើបណ្តាញជើងហោះហើរកម្ពុជារបស់ Emirates ត្រូវបានរំពឹងថានឹងមានការកើនឡើងនៃចំនួនអ្នកដំណើរពីអេមីរ៉េត អារ៉ាប់រួម (United Arab Emirates) មកកាន់កម្ពុជា និងពង្រឹងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ដែលត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងអេមីរ៉េត អារ៉ាប់រួម។

ក្រុមហ៊ុន Emirates បានប្រកាសពីការបន្ថែមជើងហោះហើរឌូបៃ-សៀមរាប នៅថ្ងៃទី ៣ ខែមីនា ដោយបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍នឹងដំណើរការជើងហោះហើរចំនួន ៣ ថ្ងៃក្នុងមួយសប្តាហ៍ពីទីក្រុងឌូបៃទៅខេត្តសៀមរាបតាមរយៈទីក្រុងបាងកកចាប់ពីថ្ងៃទី ៣ ខែមិថុនា*។
លោក Mohammed Al Qassim នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមានប្រសាសន៍ថា៖ «ការបន្ថែមផ្លូវហោះហើរថ្មីរបស់ Emirates រវាងទីក្រុងឌូបៃ និងខេត្តសៀមរាប នឹងគាំទ្រដល់ចក្ខុវិស័យរបស់ក្រសួងទេសចរណ៍កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងប្រទេស ស្របតាមយុទ្ធសាស្ត្រ BUILD Plus 3Ds។ យើងកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាកំពុងក្លាយជាគោលដៅទាក់ទាញកាន់តែខ្លាំងឡើងសម្រាប់អ្នកដំណើរទូទាំងពិភពលោកហើយ Emirates ចង់ឲ្យមានការផ្សព្វផ្សាយ និងសម្រួលដល់និន្នាការនេះ»។
សេវាកម្មជើងហោះហើរចំនួនបីថ្ងៃក្នុងមួយសប្តាហ៏របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ទៅខេត្តសៀមរាបនឹងដំណើរការនៅថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។ ជើងហោះហើរ EK370 នឹងចាកចេញពីទីក្រុងឌូបៃនៅម៉ោង ៩:00 និងមកដល់ទីក្រុងបាងកកនៅម៉ោង ១៨:២៥នាទី។ បន្ទាប់មកជើងហោះហើរនេះនឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ២០:១០នាទី និងមកដល់សៀមរាបនៅម៉ោង ២១:៣០នាទី។ ជើងហោះហើរ EK371 នឹងចេញដំណើរពីខេត្តសៀមរាបនៅម៉ោង ០០:១៥នាទី ហើយមកដល់បាងកកនៅម៉ោង ០១:៣៥នាទី។ បន្ទាប់មកជើងហោះហើរនឹងហោះចេញនៅម៉ោង ៣:៤០នាទី នឹងមកដល់ក្រុងឌូបៃ នៅម៉ោង ៦:៥០នាទី។ ពេលវេលាទាំងអស់ គិតតាមម៉ោងក្នុងស្រុក។
ផ្លូវហោះហើរថ្មីរបស់ Emirates នឹងដំណើរការជាមួយយន្តហោះដែលមានប្រភេទកៅអីចំនួនពីរថ្នាក់ Boeing 777-300ER ដែលផ្តល់កៅអីអង្គុយចំនួន ៣៥ នៅក្នុងថ្នាក់ Business និង ៣៨៦ កៅអីធំទូលាយនៅក្នុងថ្នាក់ Economy Class។
សេវាកម្មរបស់ Emirates ទៅកាន់ខេត្តសៀមរាប គឺត្រូវបានកំណត់ពេលវេលាដ៏ល្អប្រសើរក្នុងការផ្តល់ជូនអ្នកធ្វើដំណើរ តាមរយៈការតជើងហោះហើរប្រចាំថ្ងៃសម្រាប់ដំណើរកម្សាន្តទៅកាន់ប្រទេសបារាំង ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ព័រទុយហ្គាល់ និងរុស្ស៊ី។
ក្រុមហ៊ុន Emirates បានដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីទីក្រុងឌូបៃ មកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា តាមរយៈប្រទេសសិង្ហបុរី។
អ្នកធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប នឹងត្រូវទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនិងភាពរួសរាយរាក់ទាក់ពីបុគ្គលិករបស់ក្រុមហ៊ុន Emirates អមដោយអាហារដែលមានរសជាតិឈ្ងុយឆ្ងាញ់តាមតំបន់ និងភេសជ្ជៈម៉ាកយីហោប្រ៊េនជាច្រើនមុខត្រៀមផ្តល់ជូននៅគ្រប់ថ្នាក់កាប៊ីនទាំងអស់។ ប្រព័ន្ធកម្សាន្តលើយន្តហោះដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates នឹងធ្វើឱ្យដំណើរកម្សាន្តនីមួយៗកាន់តែសប្បាយរីករាយ តាមរយៈបណ្ណាល័យដ៏ទូលំទូលាយផ្តល់ជូនប៉ុស្តិ៍កម្សាន្តជាង ៦,៥០០ ប៉ុស្តិ៍ ដែលមានភាពយន្តអន្តរជាតិ កម្មវិធីទូរទស្សន៍ តន្ត្រី ផតខាស់ និងហ្គេមជាង ៤០ ភាសា រួមទាំងភាសាចិនកុកងឺ កុងតឺន និងភាសាខ្មែរ។
សម្រាប់ព័ត៌មានបន្ថែម ឬដើម្បីកក់សំបុត្រ សូមចូលទៅកាន់ emirates.com។ សំបុត្រក៏អាចកក់បាននៅលើ Emirates App, Emirates Retail stores, Emirates contact center ឬតាមរយៈភ្នាក់ងារទេសចរណ៍។
* អាស្រ័យលើការផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល
** កាលវិភាគធ្វើដំណើរនាពេលរដូវក្តៅរបស់ Emirates។ ពេលវេលាទាំងអស់ គឺគិតតាមម៉ោងក្នុងស្រុក។
