ព័ត៌មានអន្តរជាតិ

តើការអភិវឌ្ឍ ឧស្សាហកម្ម នាពេលអនាគត របស់ចិន នឹងនាំមកនូវ ផលប្រយោជន៍អ្វីខ្លះ ជូនដល់ពិភពលោក ?

«ប្រទេសចិន នឹងផ្តោតលើការអភិវឌ្ឍ ឧស្សាហកម្មនាពេលអនាគត(Future Industry) ដូចជាជីវផលិតកម្ម ( Bio-manufacturing ) បច្ចេកវិទ្យាកង់ទិច និងប្រព័ន្ធ 6G ជាដើម ព្រមទាំងពន្លឿន ការធ្វើបរិវត្តកម្មឌីជីថលវិស័យ ឧស្សាហកម្មកម្មន្តសាល ធ្វើកិច្ចខិតខំប្រឹងប្រែង ពេញទំហឹង ក្នុងការអភិវឌ្ឍ រថយន្តអគ្គិសនី មានបំពាក់ ឧបករណ៍ អាចតភ្ជាប់អ៊ីនធឺណិត ទូរស័ព្ទដៃនិងកុំព្យូទ័រវៃឆ្លាត និងមនុស្សយន្តវៃឆ្លាត ជាដើមដែលជាបរិក្ខារ ជំនាន់ចុងក្រោយ ។» នេះជាការលើកឡើងក្នុងរបាយការណ៍ ការងាររដ្ឋាភិបាលចិនក្នុងមហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ដែលបើកធ្វើនាព្រឹកថ្ងៃទី ៥ ខែមីនានេះ ។

បច្ចុប្បន្ន ពិភពលោកកំពុងស្ថិត ក្នុងយុគសម័យ នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពោលគឺឈានចូលសម័យកាល ដែលប្រើប្រាស់បញ្ញាសិប្បនិម្មិត កាន់តែច្រើនឡើងៗ ទាំងក្នុងជីវភាពប្រចាំថ្ងៃនិងក្នុងវិស័យនានា ។ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចុងក្រោយ មិនត្រឹមតែបានផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ របស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏បានកែប្រែទម្លាប់រស់នៅ របស់ប្រជាជនផងដែរ ។

ក្នុងបរិបទដែលពិភពលោក មានការប្រកួតប្រជែង យ៉ាងខ្លាំងក្លា ខាងផលិតកម្ម ប្រសិនបើនៅតែប្រកាន់ យកឧស្សាហកម្មប្រពៃណី ដោយគ្មានការច្នៃប្រឌិតថ្មីទេ នោះនឹងបាត់បង់កម្លាំង ប្រកួតប្រជែងជាបណ្តើរៗ ហើយចុងបំផុតនឹងឈានទៅរកភាពអន់ថយ ។ អាស្រ័យហេតុនេះ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានផ្តោតលើការធ្វើបរិវត្តកម្ម ឧស្សាហកម្មច្នៃប្រឌិតថ្មី និងឆ្ពោះទៅរកការអភិវឌ្ឍ ឧស្សាហកម្មនាពេលអនាគត ។

តើអ្វីទៅជាឧស្សាហកម្ម នាពេលអនាគត ? និយាយឱ្យខ្លីគឺជាឧស្សាហកម្មងើបឡើងថ្មី ដែលគាំទ្រដោយបច្ចេកវិទ្យាឈានមុខ ហើយបច្ចុប្បន្នកំពុង ស្ថិតក្នុងដំណាក់កាលបឋមដែលមិនទាន់មានភាពប្រាកដប្រជា តែមានសក្តានុពលធំធេង នាពេលអនាគត ។ ចាប់ពីជំនាន់បដិវត្តន៍ឧស្សាហកម្ម ៣.០ ដែលមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លាផ្នែកទូរគមនាគមន៍ ដែលយើងហៅថា យុគសម័យព័ត៌មានវិទ្យា រហូតដល់បដិវត្តន៍ឧស្សាហកម្ម ៤.០ ឬហៅថាយុគ សម័យបញ្ញាសិប្បនិម្មិត នាពេលបច្ចុប្បន្ន ប្រទេសចិនបានរួមចំណែកមិនអាចខ្វះបានក្នុងការអភិវឌ្ឍនៃឧស្សាហកម្មជំនាន់ថ្មីរបស់ពិភពលោក ។

កាលពីឆ្នាំ ២០២៤ ប្រទេសចិនផលិតបានរថយន្តអគ្គិសនីលើសពី ១៣ លានគ្រឿង ដែលបាននាំចេញទៅកាន់ប្រទេសនិងតំបន់ជាង ១០០ នៅលើពិភពលោក ។ រថយន្តអគ្គិសនីរបស់ចិនមិនត្រឹមតែបានរួមចំណែកដល់ការអភិវឌ្ឍបៃតងនិងកាបូនទាបរបស់ប្រទេសពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ភាពងាយស្រួយនិង ផាសុកភាពជូនអ្នកប្រើប្រាស់តាមរយៈការបំពាក់សម្ភារៈទំនើបៗនិងមានដំឡើងឧបករណ៍អាចតភ្ជាប់ជាមួយអ៊ីនធឺណិត ដែលជាប្រភេទរថយន្តវៃឆ្លាតអាចប្រតិបត្តិដោយស្វ័យប្រវត្តិលើមុខងារមួយចំនួនធំ ។

ដូចដែលយើងទាំងអស់បានដឹងស្រាប់ហើយថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិតមិនអាចឃ្លាតឆ្ងាយពីប្រព័ន្ធទូរគមនាគមន៍នោះទេ ក្នុងនោះ ប្រព័ន្ធ 5G ដែលជាប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ ជំនាន់ថ្មីបានក្លាយជាក្បាលម៉ាស៊ីនដ៏សំខាន់មួយ ដែលតភ្ជាប់នវានុវត្តន៍ និងធុរកិច្ច ។ សមត្ថភាពកសាងប្រព័ន្ធ 5G របស់ប្រទេសចិន មិនត្រឹមតែបានពន្លឿន ការធ្វើឌីជីថលូបនីយកម្ម និង នវានុវត្តន៍របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយបណ្តា ប្រទេសដែល ខ្វះសមត្ថភាព និងបច្ចេកទេសកសាងប្រព័ន្ធ 5G ឱ្យមានលទ្ធភាពប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាថ្មី ដើម្បីកាន់តែងាយស្រួល ក្នុងការតភ្ជាប់ជាមួយពិភពលោក ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រព័ន្ធ 5G របស់ចិនដែលមានល្បឿន អ៊ីនធឺណិតលឿន បានធ្វើឱ្យពិភពលោកទាំង មូលតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ ក៏ដូចជារួមចំណែកសំខាន់ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការធ្វើធុរកិច្ចឆ្លង ប្រទេស និងការលើកកម្ពស់ គុណភាពរស់នៅរបស់ប្រជាជន ។ល។ យ៉ាងណាមិញ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតរបស់ប្រទេសចិន ពិសេសប្រព័ន្ធ 6G បានបង្ហាញពីមហិច្ឆតារបស់ចិនដែលធ្វើកិច្ច ខិតខំប្រឹងប្រែងដើម្បីកសាងប្រទេសខ្លាំងក្លាខាងនវានុវត្តន៍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ក៏ដូចជានឹងនាំមកនូវផលិតផលសាធារណៈ ដែលមានគុណភាពនិងប្រសិទ្ធភាពកាន់តែខ្ពស់ជូន ចំពោះពិភពលោកទាំងមូល ។

សុខភាពរបស់ប្រជាជនជារឿងចម្បង ដូច្នេះ ការអភិវឌ្ឍឧស្សាហកម្មនាពេលអនាគតមិនអាចខ្វះបានទេនូវការអភិវឌ្ឍផ្នែកវេជ្ជសាស្ត្រ ។ ក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលបានលើកឡើងពីការផ្តោត លើការអភិវឌ្ឍជីវផលិតកម្ម ( Bio-manufacturing ) គឺជាការសិក្សាស្រាវជ្រាវថ្មី លើវិស័យវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ដែលអាចនឹង ឈានដល់បដិវត្តន៍ វេជ្ជសាស្ត្រជំនាន់ថ្មី ដែលជា «ខែលការពារ» កាន់តែរឹងមាំសម្រាប់ ការពារសុខភាព របស់មនុស្សជាតិនាពេលអនាគត ។
ជានិច្ចកាល ប្រទេសចិន តែងតែរួមចំណែកជា «ផែនការចិន»សម្រាប់ចូលរួមដោះស្រាយបញ្ហាប្រឈមរួមជាសកល ឧទាហរណ៍ដូចជាការកាត់ បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ និងជំងឺរាតត្បាត សកលជាដើម ។ ជាពិសេស ការអភិវឌ្ឍរបស់ចិន បាននាំមកនូវផលិតផលសាធារណៈ ជាច្រើនដែលបម្រើផលប្រយោជន៍ របស់មនុស្សជាតិទាំងមូល គេអាចជឿជាក់ថា ការអភិវឌ្ឍឧស្សាហកម្ម នាពេលអនាគតរបស់ប្រទេសចិន ប្រាកដជាអាចរួមចំណែកកាន់តែធំ សម្រាប់ការអភិវឌ្ឍនិងវិបុលភាព រួមរបស់ពិភពលោកនាថ្ងៃអនាគត ជាក់ជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top