ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” និងជូនបាច់ផ្កាអនុស្សាវរីយ៍ ជូនថ្នាក់ដឹកនាំ និងមន្ដ្រីរាជការជានារី។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោកស្រី ហូ សុវណ្ណិកា រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ អានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៤ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។

បន្ទាប់មក លោកស្រី ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួង បានអានរបាយការណ៍សង្ខេបស្ដីពី ស្ថានភាពមន្ដ្រីរាជការជាស្ដ្រី និងសកម្មភាពក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍បទ ដោយបានបង្ហាញថា នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ មានមន្ដ្រីរាជការសរុបចំនួន ១ ៦២៤រូប មន្ដ្រីរាជការជាស្រី្តមានចំនួន ៤៤៩រូប ស្មើនឹង ២៧,៦% ក្នុងនោះនៅទីស្តីការក្រសួងមានចំនួន ៨១៦រូប ស្រ្តី ២៤១ នាក់ ស្មើនឹង ២៧% ដោយឡែកនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥ រាជធានី-ខេត្ត មានមន្ដ្រីរាជការសរុបចំនួន ៨០៨រូប ស្រ្តី ២០៨រូប ស្មើនឹង ២៥,៤%។

ក្រោយពីបានស្ដាប់នូវការអានព្រះរាជសារ និងរបាយការណ៍សកម្មភាពរួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការជាស្រ្ដីទាំងអស់ដែលបានអនុវត្តតួនាទី ភារកិច្ចក្នុងការចូលរួមចំណែក ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងច្រើន ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ សមិទ្ធផលដែលសម្រេចបាន និងអង្គពិធីដ៏អធិកអធម និងប្រកបដោយភាតរភាពនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ “សុខសន្តិភាព” ដែលកើតចេញពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិត ធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ និងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត ដែលនាំមកនូវ សន្ដិភាព ឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំប្រកបដោយភាពឈ្លាសវៃ និងភាពប៉ិនប្រសប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីបានពាំនាំ ប្រសាសន៍ផ្ញើសួរសុខទុក្ខ ពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្ដេចថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាល ជូនចំពោះអង្គពិធីក្នុងឱកាសនោះផងដែរ។

លោករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នេះគឺពិតជាមានអត្ថន័យខ្លាំងណាស់ ក្នុងការគូសបញ្ជាក់អំពីសារៈសំខាន់ នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាព និងការពង្រឹងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប នៅកម្ពុជា។



ជាមួយគ្នានោះ លោករដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមទៀតដូចខាងក្រោម៖
-ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសតែងតាំងមន្ត្រីរាជការជាស្រ្តីឱ្យកាន់ មុខតំណែងគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងគ្រប់អង្គភាព។
-ត្រូវផ្តល់អាទិភាពជូនមន្ត្រីរាជការជាស្ដ្រី ជាអ្នកជំនួសមុខតំណែងដែលនៅទំនេរ និងជំនួសមុខតំណែងមន្ត្រីរាជការជាស្ត្រីដែលបានចូលនិវត្តន៍។
-ត្រូវបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឱ្យ មានសំឡេងស្រីចូលរួមយោបល់ក្នុងការសម្រេចចិត្តក្នុងអង្គភាព។
-បន្តអនុវត្តគោលការណ៍ និងសេចក្តីណែនាំនានា ដើម្បីលើកម្ពស់សមភាពយេនឌ័រ ក្នុងស្ថាប័ន និងបង្កើនភាពអង់អាចដល់ស្ត្រីឱ្យបានសមស្រប៕
